សេចក្តីបំភ្លឺព័ត៌មាន របស់លេខាធិការដ្ឋាន នៃ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប ចំពោះការលើកឡើង នឹង ចែករំលែកតាមបណ្តាញសារព័ត៌មានអនឡាញ ថា “មន្ត្រីអនុវត្តច្បាប់ បានធ្វើការកាត់បណ្ណ បើកបររបស់គាត់”!

លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវ គោក មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តា ជ្រាបថា នាពេលថ្មីៗនេះមានការលើកឡើង និងចែករំលែកតាមបណ្តាញ សារពត៌មានអន ឡាញ (KZ) និង (ពត៌មានប្រចាំថ្ងៃ នៅឆុកខ្មែរ) ដែលមានខ្លឹមសារថា៖ មន្ត្រីអនុវត្តច្បាប់បានធ្វើ ការកាត់បណ្ណបើកបររបស់គាត់។

ករណីនេះលេខាធិការដ្ឋាន សូមធ្វើការបំភ្លឺជូន

សាធារណៈជន ឱ្យបានជ្រាបថា កាលពីថ្ងៃ ទី១៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ក្រុមការងារចម្រុះ មានមន្ត្រីបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ត្រីនគរបាលចរាចរណ៍ខេត្ត មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន កងរាជ អាវុធហត្ថស្រុក បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យសារធាតុញៀនចំពោះអ្នកបើកបរ និងអប់រំផ្សព្វផ្សាយពី ច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់រថយន្ត ១គ្រឿង មិនចាំម៉ាករថយន្ត បើកបរដោយឈ្មោះ យាន សុធា ក្រុមការងារចម្រុះ បានត្រួតពិនិត្យឯកសាររថយន្ត និងបណ្ណបើកបរ ក្រោយការ ត្រួតពិនិត្យរថយន្តខាងលើ មិនមានឯកសាររថយន្តភ្ជាប់មកជាមួយ (ឆៀក និងអាជីវកម្ម) ចំណែកបណ្ណបើកបរ អ្នកបើកបរខាងលើ ប្រើប្រាស់បណ្ណបើកបរ ថតចំលង ដែលច្បាប់ មិន អនុញ្ញាតឱ្យប្រើប្រាស់ និងត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ តាម មាត្រា ៧ថ្មី នៃអនុក្រឹត្យលេខ ៣៨អនក្រ.បក។

តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ សម្រាប់យានយន្តធុន ស្រាល និងយានយន្តធុនធ្ងន់ មាត្រា៧ថ្មី កថាខណ្ឌទី១. រថយន្តធុនស្រាល ត្រូវពិន័យ ៧៥,០០០រៀល រថយន្តធុនធំ ត្រូវពិន័យ១៥០,០០០រៀល បើកបរមិនបានយកភ្ជាប់តាមខ្លួននូវ ឯកសារដើមរួមមាន៖ បណ្ណបើកបរយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្ម ចំពោះរថយន្ត ដែលប្រកបអាជីវកម្មដឹកជញ្ជូន។

រថយន្តខាងលើ ក្រុមការងារបានឃាត់កំឡុងម៉ោង១៥ និង៣០នាទីរសៀល ដើម្បីឱ្យម្ចាស់ រថយន្តបង្ហាញឯកសារដល់ក្រុមការងារត្រួតពិនិត្យ តែរហូតដល់ម៉ោង១៧និង០០នាទីល ម៉ោងបញ្ចប់ការងារ ក្រមការងារបានណែនាំអ្នកបើបររថយន្ត ឈប់ឱ្យប្រើប្រាស់បណ្ណ ថតចំលង និងសុំដកហូតបណ្ណបើកបរទុក (មន្ត្រីអនុវត្តច្បាប់បានកាត់បណ្ណបើកបរថតចំលងបំផ្លាញចោល) និងបានអប់រំណែនាំដល់អ្នកបើកបរថយន្តខាងលើ ឱ្យយល់ពីច្បាប់ មិនឱ្យប្រើ ប្រាស់បណ្ណបើកបរថតចំលងតទៅទៀត បន្ទាប់មកក្រុមការងារបានអនុញ្ញាតឱ្យរថយន្តខាង លើបើកបរចេញទៅ ដោយមិនបានធ្វើការផាកពិន័យអ្វីទាំងអស់។

អាស្រ័យដូចបានរៀបរាប់ជម្រាបជូនខាងលើ សូមសាធារណៈជនគ្រប់មជ្ឈដ្ឋាន និងអ្នក សារព័ត៌មាន មេត្តាជ្រាប តាមការគួរ ជៀសវាងការយល់ច្រឡំចំពោះការអនុវត្តនីតិវិធីលើច្បាប់ ចរាចរណ៍ផ្លូវគោក សូមអរគុណ។

 

ផ្សាយ​:ថ្ងៃទី​២០ ខែឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង