
(ខេត្តព្រះសីហនុ): ថ្វីដ្បិតតែរដ្ឋបាលក្រុងកំពង់សោម មកទល់ពេល ឥលូរ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង រចនាសម្ព័ន្ធមន្ត្រីចូលធ្វើការពេញលេញនៅឡើយ ប៉ុន្តែលោកអភិបាលក្រុងបានអះអាងថា ថ្នាក់ដឹកនាំ ដែលជាក្បាលម៉ាស៊ីន តែងជួបប្រជុំគ្នាពិនិត្យការងារ សំខាន់ៗមួយចំនួនជាចាំបាច់ ដើម្បីធានាប្រក្រតីភាព នៃការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនៅក្នុង អន្តរកាលនេះ។
លោក នួន ប៊ុនចូល អភិបាល នៃគណៈអភិបាលក្រុង កំពង់សោម មានប្រសាសន៍ថា រដ្ឋបាលក្រុងក៏កំពុង ពិនិត្យសិក្សាការលើផែនការអភិវឌ្ឍក្រុងរបស់ខ្លួន និង យកចិត្តទុកដាក់ជុំរុញណែនាំ កងកម្លាំងចំណូរី និង អាជ្ញាធរសង្កាត់ បន្តយកចិត្តទុកដាក់ធានាសន្តិសុខសណ្តាប់ធ្នាប់
សាធារណៈ ដូចដែលធ្លាប់បានអនុវត្ត នាពេលមុនមានការបង្កើតក្រុង ខណៈមន្ត្រីដែលបាន រៀបចំស្នើដើម្បីឱ្យបំពេញការងារនៅរដ្ឋបាលក្រុង ក៏ត្រូវបានខ្ចីមកបំរើសេវាជូនពលរដ្ឋជាបន្តបន្ទាប់ ហើយ ទោះបីជាមិនទាន់មានសេចក្តីសម្រេចជាផ្លូវការ ក៏ដោយ។
ក្នុងន័យនេះលោក នួន ប៊ុនចូល បានគូសបញ្ជាក់ ថា បើទោះបីជាក្នុងអន្តរកាលមានការលំបាកបន្តិចក៏ ពិតមែន មន្ត្រីទាំងអស់បានផ្តោតលើតួនាទី និងភារកិច្ច របស់ខ្លួនយ៉ាងសកម្ម ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងការបញ្ជាដឹកនាំពីឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ព្រមទាំងគោលការណ៍ដឹកនាំរបស់ រដ្ឋបាលខេត្ត។
លោកអភិបាលក្រុង បានបន្តទៀតថា ចំពោះសេវា ច្រកចេញចូលតែមួយ ដោយសារតែរដ្ឋបាលក្រុង មិនទាន់ដំណើរការពេញលេញ ប៉ុន្តែប្រជាពលរដ្ឋ អាចទៅស្នើសុំសេវាក្នុងមូលដ្ឋានស្រុកព្រៃនប់ ពោល គឺនៅពេលដែលរដ្ឋបាលក្រុងកំពង់សោមរៀបចំ ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ច្រកចេញចូលតែមួយនឹង បានដំណើរការក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយ។
យោងតាមអនុក្រឹត្យ២០១ ក្រុងកំពង់សោម នៃខេត្ត ព្រះសីហនុ ត្រូវបានបង្កើតឡើង ដោយកាត់យកឃុំ ចំនួន៥ ពីស្រុកព្រៃនប់ គឺ ឃុំរាម ឃុំបិតត្រាំង ឃុំ អូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ក្រុង កំពង់សោម មានសង្កាត់ចំនួន៥គឺ សង្កាត់រាម សង្កាត់ បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់ បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ៕
ផ្សាយ:ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)





