រដ្ឋបាលខេត្តព្រះសីហនុ|សេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធករណីបុរសម្នាក់យកឈ្មោះសាលាខេត្តព្រះសីហនុ ទៅអំពាវនាវឱ្យអាជីវករជួយឧបត្ថម្ភថិវកា យកទៅជួយដល់ទាហានការពារព្រំដែន.

សេចក្តីប្រកាសព័ត៌មាន

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តា ជ្រាបថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានពីអាជីវករថាមានបុគ្គល ១រូប បានយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត១ច្បាប់ដែលមានខ្លឹមសារថា «ក្នុងនាមខ្ញុំជារដ្ឋបាល សាលាខេត្តសូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្តឱ្យចូលរួមបរិច្ចាគថវិកាបន្តិចបន្តួច ដើម្បីឧបត្ថម្ភជួយទៅ ដល់បងៗជាទាហានការពារព្រំដែន ដើម្បីលើកទឹកចិត្តនឹងជំនួយស្មារតីឱ្យពួកគាត់តស៊ូដើម្បីជាតិមាតុភូមិ » ។

ក្រោយពីទទួលបានព័ត៌មាននេះរដ្ឋបាលខេត្តព្រះសីហនុបានប្រគល់ភារកិច្ចជូន បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តព្រះសីហនុ ចុះតាមដាន ស្រាវជ្រាវស្វែងរកឃើញ និងឃាត់ខ្លួនបុគ្គលដែលបានប្រព្រឹត្តខាងលើ។ ក្រោយពីបានធ្វើការសាកសួរបុគ្គលរូបនេះ បានបញ្ជាក់ថាគាត់ឈ្មោះ ជា ឡងឌី ភេទប្រុស អាយុ ៣២ឆ្នាំ និង បានសារភាពថារូបគាត់ពិតជាបានប្រព្រឹត្ត និងរៀបចំក្លែងឯកសាររបស់រដ្ឋបាលខេត្តព្រះសីហនុប្រាកដមែន ដើម្បីដើរប្រមូលលុយពីអាជីវករនៅក្នុងក្រុងព្រះសីហនុ ដោយភូតកុហកថា សាលាខេត្តព្រះសីហនុអំពាវនាវឱ្យ អាជីវករជួយឧបត្ថម្ភថវិកាយកទៅជួយដល់ទាហានការពារព្រំដែន។

បច្ចុប្បន្នបុគ្គលឈ្មោះ ជា ឡងឌីនី ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

 

ផ្សាយ:ថ្ងៃទី​៧ ខែមិថុនា​ ឆ្នាំ២០២៥

 

 

 

ព័ត៌មានដែលជាប់ទាក់ទង