សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ប្រធានអាស៊ាន និងថ្នាក់ដឹកនាំ ពិភពលោក ថា «យោធាថៃ មានបំណងប្រើកម្លាំងដណ្តើមយក ទឹកដីកម្ពុជា ១៧ទីតាំងផ្សេងទៀត ».
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានផ្ញើសារប្រាប់ប្រធានអាស៊ាន និងថ្នាក់ដឹកនាំ ពិភពលោក ថា យោធាថៃ មានបំណងប្រើប្រាស់កម្លាំង ដើម្បី ដណ្ដើមយកទឹកដីកម្ពុជា នៅទីតាំងចំនួន ១៧ទីតាំងផ្សេងទៀត ស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើជូន លោក អាន់រ៉ា អ៊ីប្រាហ៊ីម នាយក រដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំង ថ្នាក់ដឹកនាំពិភពលោកនានា ដែលរួមមាន៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងលោក អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតី
បារាំង លោក អង់តូនីញ ហ្គោ តេវ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោកស្រី អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសប្រជាជាតិលើកទី៨០។
គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់ ទៅលើស្ថានការណ៍ថ្មីៗនៅតាម ព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាម កំហែងដល់សន្តិភាព និង ស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺ ថែមទាំងសម្រាប់ តំបន់យើងទាំងមូលផងដែរ។
តាមរយៈសារលិខិតទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ជម្រាបជូនថ្នាក់ដឹកនាំពិភពលោក ទាំងអស់អំពីព្រឹត្តិការណ៍ ជាបន្តបន្ទាប់ ដែលបាននាំទៅដល់ការពង្រីកទំហំ និងវិសាលភាព នៃតំបន់ជម្លោះ ហួសចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើសុំថ្នាក់ដឹកនាំពិភពលោក ទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និង ប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ច
ព្រមព្រៀងទាំងអស់ដែលបានសម្រេច នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ (RBC) កាលពីពេលថ្មីៗនេះ។
លើសពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់មេដឹក នាំធំៗ លើពិភពលោក ថា «ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅ ទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា»៕
ផ្សាយ:ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា