ម៉ូតូ ចំនួន​ ៥៧គ្រឿង ត្រូវបាន​រដ្ឋបាល​ខេត្តព្រះសីហនុ​ ប្រគល់ជូនសិស្សជ័យលាភីនិទ្ទេស A ទូទាំងខេត្តព្រះសីហនុ.​

(ខេត្ត​ព្រះសីហនុ)​: កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញចូលរួម​ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន ៥៦នាក់ ដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ក្នុងសម័យប្រលង ថ្ងៃ២៨​ ខែសីហា ឆ្នាំ២០២៥ ក្រោម អធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ​ ពិធី​នេះ​ប្រារព្ធ​ធ្វេី​ឡេីង​នៅ​សាល​ប្រជុំ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​សង្កាត់លេខ​១ ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃ ចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ទាំងគ្រឹះស្ថាន សាធារណៈ និងឯកជនបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះ ដឹង ចំណេះធ្វើ មានសីលធម៌ល្អ និងជាទំពាំងស្នងឬស្សីជា មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សជ័យលាភីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង៖ ២៨សីហា ២០២៥ បានទទួលលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទក ដូច មានសក្ខីភាពបញ្ជាក់ជូននាពេលនេះ។

សូមអរគុណចំពោះមាតាបិតា អាណាព្យាបាលតែងតែបានតស៊ូលះបង់គ្រប់យ៉ាងដោយមិន ខ្លាចការនឿយហត់ ដើម្បីអនាគតរុងរឿងរបស់កូនចៅគ្រប់ៗរូប។ ខ្ញុំ សូមអបអរសាទរចំពោះក្មួយៗទាំងអស់តែងតែប្រកាន់ខ្ទប់នូវបីល្អ គឺ កូនល្អ សិស្សល្អ មិត្តល្អ ដោយបានខិតខំយកចិត្តទុកដាក់ក្នុង ការសិក្សា ស្តាប់ទាំងលោកគ្រូអ្នកគ្រូ ស្តាប់ទាំងឪពុកម្តាយនៅផ្ទះ ជួយមិត្តភក្តិទៅវិញទៅមក និងបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជាពិសេសទទួលបាននិទ្ទេស «A»។ ហើយនៅពេលខាងមុខ សូមបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនជាយុវជនបន្តវេនសម្រាប់ប្រទេសជាតិយើង។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា លទ្ធផល នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បេក្ខជនមកប្រឡងសរុបចំនួន ២ ២១១នាក់ ស្រី ១ ១៤៦នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន ២ ០០៤នាក់ ស្មើនឹង ៩០,៦៤% ស្រី ១ ០៧៥នាក់ ស្មើនឹង ៩៣,៨% ក្នុងនោះ៖ បេក្ខជនជាប់និទ្ទេសA ៖ ៥៦នាក់ ស្រី ២៦នាក់ បេក្ខជនជាប់និទ្ទេសB ៖ ១៦៩នាក់ ស្រី ៩០នាក់ បេក្ខជនជាប់និទ្ទេស ៖ ៥៣៩នាក់ ស្រី ៣២៣នាក់ បេក្ខជនជាប់និទ្ទេសD ៖ ៧៦៨នាក់ ស្រី ៤១២នាក់ បេក្ខជនជាប់និទ្ទេស ៖ ៤៧២នាក់ ស្រី ២២៤នាក់(បើប្រៀបធៀបជាមួយឆ្នាំ២០២៤ សិស្សនិទ្ទេស A កើនបាន ចំនួន១១នាក់ ដោយឡែកនិទ្ទេសគឺមានការថយចុះ ដែលជាកត្តា បង្ហាញឱ្យឃើញថាគុណភាពវិស័យអប់រំនៅក្នុងខេត្តគឺមានការ កើនឡើង)។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A និងចូលរួម អបអរសាទរកូនៗដែលទទួលបាននិទ្ទេស A ជាពិសេសលោកគ្រូ អ្នកគ្រូដែលបានជួយបណ្តុះបណ្តាលធ្វើឱ្យសិស្សរបស់យើង ទទួលលទ្ធផលផ្លែផ្កា ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាភាពជោគជ័យ ក្នុងខ្សែជីវិតរបស់យើងក្នុងការបណ្តុះបណ្តាល ដូច្នេះយើងត្រូវ មានការអំណត់ និងវិន័យល្អ ហើយចំពោះសិស្សបាននិទ្ទេស A មិនមែនបានមកពីការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូតែមួយមុខនោះទេ គឺបានមកពីគុណតម្លៃពីមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋចូលរួមក្នុងការទទួលខុសត្រូវធ្វើឱ្យយើង មានឱកាស បានសិក្សារៀនសូត្រនាពេលនេះ។ ទន្ទឹមនោះវិស័យ ឯកជនក៏បាននឹងកំពុងបន្តវិនិយោគនៅក្នុងខេត្តរបស់យើង យើង ត្រូវដាក់ទិសដៅជំហានដើររួមគ្នាកែសម្រួលសាលារៀនឱ្យមានអនាម័យ បរិស្ថាន ប្រកបដោយសោភ័ណភាពនៅក្នុងសហគម ខេត្តព្រះសីហនុ ដើម្បីបង្កើតការងារបន្ថែមទៀតនៅខេត្តព្រះសីហនុ ចំពោះការសម្រេចចិត្តរបស់មាតា បិតា និងអាណាព្យាបាល និង ការតាំងចិត្តរបស់ខ្លួនយើងផង ទើបទទួលបានជោគជ័យ ក៏ប៉ុន្តែ ជោគជ័យរបស់យើងត្រូវតែខិតខំបន្ថែមទៀតសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិ៕

 

ផ្សាយ​:ថ្ងៃទី​១៨ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង