ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះជាតិឱ្យចាកផុតពីរបបប្រល័យ ពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិ គ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជា មានការរីកចម្រើន ប្រកបដោយមោទកភាព ជាទីបំផុត។

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំមិទ្ទីង ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើត រណសិរ្សសាមគ្គីអភិរឌ្ឍមាតុភូមិកម្ពុជា ដែលប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម រង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការរណសិរ្សខេត្ត ព្រមទាំងមានការចូលរួមពីព្រះសង្ឃ និងសមាជិក សមាជិកា មកពីបណ្តាក្រុង ស្រុកទាំង៦ ពិធីនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំសាខាមន្ទីរគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់លេខ១។
ឯកឧត្តម ម៉ាង ស៊ីណេត បានរំលឹកពី ប្រវត្តិរណសិរ្ស ដែលបានចាប់កំណើត នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមឈ្មោះ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិ សាស្ត្រ ៧ មករា ១៩៧៩។នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ (កាលពី ៤៧ឆ្នាំមុន) គឺជាថ្ងៃ បង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ក្នុងភូមិជើងឃ្លា ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើង ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិង ក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតី តេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុង ការរៀបចំកម្លាំងដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រោមការអំពាវនាវរបស់សម្តេចទាំងបី ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយ បានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិត ឆ្ងាយលើសកលលោក បានផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។
៧ មករា ៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា បានបើកឡើងវិញនូវ ទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវ សិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្តារ កសាង និង អភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនផងដែរ។
ឯកឧត្តម បាន បញ្ជាក់ថា អង្គមិន្ទឹងនាពេលនេះ មាន គោលបំណងរំលឹកឡើង វិញនូវទិរាជា ប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្តើមរស់រាន មានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា។ រណសិរ្សមិនត្រឹមតែ សង្គ្រោះជាតិឱ្យចាកផុតពីរបបប្រល័យ ពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែក យ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុង ការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ គ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជា មានការរីកចម្រើន ប្រកបដោយមោទកភាព ជាទីបំផុត។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានរណសិរ្ស ខេត្ត បានស្នើឱ្យគណៈកម្មាធិការរណសិរ្ស បន្តអនុវត្តការងារអាទិភាពចំនួន ៦ ចំណុច ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០៖
១.ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ ភាព។
២. ពង្រឹង និងពង្រីករចនាសម្ព័ន្ធរណសិរ្ស តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»។
៣.អប់រំ និងបំផុសចលនាមហាជន ឱ្យគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល សំដៅ សម្រេចបានចំណូលខ្ពស់នៅឆ្នាំ២០៥០។
៤.បន្តទប់ស្កាត់រាល់ឧបាយកល បំបែកបំបាក់សាមគ្គីជាតិ។
៥.ថែរក្សាឯកភាពផ្ទៃក្នុងរណសិរ្សឱ្យបាន រឹងមាំ។
៦. ចូលរួមអនុវត្តគោលនយោបាយការទូត «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ»។
ផ្សាយ:ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)


















