(បាងកក)៖ ការប្រមូលផ្ដុំគ្នាមួយដើម្បីអំពាវនាវរកសន្តិភាព នឹងត្រូវធ្វើឡើងក្នុងទីក្រុងបាងកក នៅរសៀលម៉ោង៣ ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ នៅឯមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ក្រុងបាងកក និងនៅម៉ោង ៤៖៣០នាទីរសៀលថ្ងៃដដែល នៅឯសាកលវិទ្យាល័យ Srinakharinwirot។ នេះបើតាមការកាសែតថៃ Khaosod។
នៅក្នុងការអំពាវនាវរបស់ខ្លួន ក្រុមអ្នករៀបចំពិធីជួបជុំខាងលើ បាននិយាយថា «យើងមិនចង់ឃើញមនុស្សស្លាប់តទៅទៀតនោះទេ។ យើងមិនចង់ឃើញបរិយាកាសតានតឹងឡើយ ពីព្រោះសង្គម របស់យើងមានបញ្ហាធំដើម្បីដោះស្រាយរួចទៅហើយ។ អំពើហិង្សាមិនមែនជាមធ្យោបាយនោះទេ ហើយការប្រឈមមុខដាក់គ្នាភ្នែកនឹងភ្នែក ធ្មេញនឹងធ្មេញ ក៏មិនមែនជាដំណោះស្រាយនៅក្នុង សង្គមប្រជាធិបតេយ្យមួយនោះដែរ»។
ក្រុមអ្នករៀបចំថៃទាំងនោះ ក៏បានអំពាវនាវឱ្យមនុស្សម្នាចូលរួមជាមួយពួកគេដើម្បីទាមទារឱ្យយោធា និងរដ្ឋាភិបាលថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់មួយ និងផ្ដួចផ្ដើមកិច្ចចរចាភ្លាមៗ ក៏ដូចជា ប្រើប្រាស់ការសម្របសម្រួលដែលមានស្រាប់តាមរយៈប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៊ីម៕
ផ្សាយ:ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
Credit:FN