ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បង្កើន ប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់អំពើ ទារុណកម្ម

(រាជធានីភ្នំពេញ): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើក វគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់ លទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែម ទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម និង ពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតុបករណ៍ អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរព សិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រង កន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបាន ដកហូតសេរីភាព។
ការថ្លែងជំរុញណែនាំនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាស ចូលកាន់មុខតំណែងប្រធាន និងអនុប្រធាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង មហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសមាជិក និងសមាធិកានៃគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម ព្រមទាំងតំណាងការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំកម្ពុជា សរុបចំនួន ១៥០រូប។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ សកម្មនាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និង ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបាន បញ្ជូនមន្ត្រីជំនាញ មកជួយបណ្តុះបណ្តាល ដល់មន្ត្រីលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពី នីតិវិធីសំខាន់ៗក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេត ករណីសង្ស័យថា មានទារុណកម្ម។
ប្រមុខក្រសួងមហាផ្ទៃ ក៏បង្ហាញក្តីរីករាយ និងសាទរឯកឧត្តម សៀង ឡាប្រេស្ស ដែល ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការ ជាតិប្រឆាំងទារុណកម្ម ជំនួសឯកឧត្តម នុត សាអាន អតីតប្រធានគណៈកម្មាធិការ ជាតិប្រឆាំងទារុណកម្ម និងឯកឧត្តម ម៉ក់ សម្បត្តិ ជាអនុប្រធាន តាមព្រះរាជក្រឹត្យ លេខ ១២២៥/១៦៩៥ ១៩៥ នស.រកត.។ ជាងនេះ ទៅទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយក រដ្ឋមន្ត្រី ជឿជាក់ថា គណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម និងមានសមត្ថភាពកាន់តែរឹងមាំ និង សកម្ម ក្នុងការពារជនទាំងឡាយដែលត្រូវបាន ដកហូតសេរីភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលកម្ពុជា ចូលជារដ្ឋភាគី នៃពិធីសារបន្ថែមនិងអនុសញ្ញាប្រឆាំងទារុណកម្ម ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ នៅកម្ពុជា។
គួររំលឹកថា គណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម ហៅកាត់ថា (គ.ជ.ប.ទ) គឺជា គណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការ ជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើ អមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ គណៈកម្មាធិការនេះ មានគោលដៅបង្ការ និង ប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេង ៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការ ធ្វើទារុណកម្ម។ គ.ជ.ប.ទ មានវិសាលភាព អនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែង ឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រ កម្ពុជា៕
ផ្សាយ:ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)








