ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តវិធានការ រដ្ឋបាល ការគ្រប់គ្រងដីកា ការអនុវត្តដីកា និងការ បញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន នៅក្នុងប្រព័ន្ធ (Database system) ក្នុងឆ្នាំ២០២៥ និងផ្សព្វផ្សាយ ទិសដៅអនុវត្តបន្ត.

(រាជធានីភ្នំពេញ)​៖ ដោយទទួលបានការអនុញ្ញាតដ៏ ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តវិធានការ រដ្ឋបាល ការគ្រប់គ្រងដីកា ការអនុវត្តដីកា និងការ បញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន នៅក្នុងប្រព័ន្ធ (Database system) ក្នុងឆ្នាំ២០២៥ និងផ្សព្វផ្សាយ ទិសដៅអនុវត្តបន្ត នៅសាលប្រជុំនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង គ្រឿងញៀន លោកឧត្តមសេនីយ៍ វរសេនីយ៍នាយករង មន្ទីរ នាយការិយាល័យទាំង១១ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងរាជធានី-ខេត្តទាំង២៥ និងមន្ត្រី ជំនាញសរុប១២៣រូប។

លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការអនុវត្ត វិធានការរដ្ឋបាលនៅតាមគោលដៅសប្បាយដ្ឋាន ដែល ងាយរងហានិភ័យដោយបទល្មើសគ្រឿងញៀនសរុប ចំនួន ១៤.៩៤៦ទីតាំង ក្នុងនោះរួមាន៖ ចុះផ្ទាល់ចំនួន ១៤.១៩៤ទីតាំង (សណ្ឋាគារ ១៤ទីតាំង ផ្ទះសំណាក់ ២.៧៧៨ទីតាំង ផ្ទះជួល ១១.២១៨ទីតាំង បាបរទេស ៣១ទីតាំង ខារ៉ាអូខេ ១០៤ទីតាំង និងក្លឹបកំសាន្ត ៤៩ទីតាំង)។

កោះអញ្ជើញម្ចាស់ទីតាំង អ្នកគ្រប់គ្រងអាជីវកម្ម និង អ្នកពាក់ព័ន្ធ មកធ្វើការផ្សព្វផ្សាយអប់រំ និងចូលរួម សហការផ្តល់ព័ត៌មាន សរុបចំនួន ៣៤.៧០៧នាក់ លើ ៧៤០ទីតាំង។

ក្រៅពីនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានឆ្មក់ ត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ដែលមានតម្រុយប្រើប្រាស់សារធាតុញៀន សរុបចំនួន ១.១៦៣លើក មនុស្ស ១៣.៧៩៦នាក់ ដោយបានរក ឃើញអ្នកវិជ្ជមានសារធាតុញៀនចំនួន ១.៥១០នាក់ អនុវត្តតាមនីតិវិធី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹង សារ៉ាត់ នាយកមន្ទីរ ប្រឆាំងគ្រឿងញៀន បានណែនាំឱ្យកងកម្លាំងអនុវត្ត ច្បាប់ទាំងអស់ ត្រូវពង្រឹងការគោរពវិន័យកងកម្លាំង ក្រមសីលធម៌ និងវិជ្ជាជីវៈ បង្កើនការបង្ការ ការទប់ស្កាត់ ការបង្ក្រាបបទល្មើសគ្រឿងញៀន នូវករណីធ្ងន់ធ្ងរ (ធំៗ) ដែលមានអង្គការចាត់តាំង។ បន្តធ្វើបច្ចុប្បន្នភាពដីកា ចាប់ខ្លួន ដោយស្រាវជ្រាវរករូបថតមុខសញ្ញា ការស្នើសុំ និវេទន៍ក្រហម ការស្នើសុំទៅអគ្គអន្តោប្រវេសន៍សហការ ចាប់ខ្លួន និងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធ (Database System), ជំរុញការបញ្ចូលទិន្នន័យបទល្មើស គ្រឿងញៀន ទៅក្នុងប្រព័ន្ធ (Database System) ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ១០០% ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង នគរបាលជាតិ តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ និងសមិទ្ធផលជាច្រើនដែលមន្ទីរប្រឆាំងគ្រឿងញៀន សម្រេចបានគួរជាទីមោទនៈ ហើយបានឆ្លើយតបទៅនឹង សភាពការណ៍ ដែលបានកើតឡើងនាពេលកន្លងមក។

បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បាន បញ្ជាក់ថា ទាក់ទងនឹងការអនុវត្ត និងគ្រប់គ្រងដីកា ដីកាគឺជាឧបករណ៍ច្បាប់សំខាន់បំផុតមួយ ក្នុងការ បន្តសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន។ ដីកា ដែលមិនបានធ្វើបច្ចុប្បន្នភាព មិនមានរូបថត ឬមិន បានបញ្ចូលទៅក្នុងប្រព័ន្ធ Database System នោះ មានន័យថា យើងកំពុងផ្តល់ «ចន្លោះ» ឲ្យមុខសញ្ញា គេចខ្លួន និងបន្តធ្វើសកម្មភាពបទល្មើស។ ដូច្នេះ ការគ្រប់គ្រងដីកា មិនមែនជាការងាររដ្ឋបាលធម្មតាទេ ប៉ុន្តែក៏ជាការងារបង្ក្រាបមួយផ្នែកផងដែរ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាល ជាតិ បានផ្តល់អនុសាសន៍ណែនាំបន្ថែម ដែលជា ទិសដៅដើម្បីអនុវត្តបន្ត ផ្តោតលើការបង្ក្រាបបណ្តាញ កាត់ផ្តាច់ខ្សែសង្វាក់ផលិត ចែកចាយ នឹងចាប់យកមេ ក្លោង ជាងការបង្ក្រាបតាមកម្រិតមុខសញ្ញាតូចៗ និងត្រូវ ធ្វើបច្ចុប្បន្នភាពដីកា បញ្ចូលទិន្នន័យឲ្យបានពេញលេញ និងទាន់ពេលវេលា៕

 

ផ្សាយ​:ថ្ងៃទី​១៦ ខែមករា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង