តម្លៃម៉ាស្សាដល់រាប់រយដុល្លារ.តើច្បាប់នៅទីណា ខណៈអធិការនគរបាលក្រុង និងអភិបាលក្រុងសំពៅពូនមិនបំភ្លឺ?


(ក្រុងសំពៅពូន):-ហាងម៉ាស្សា-958- តម្លៃសេវាខ្ពស់ខុសធម្មតា សញ្ញាសង្ស័យធ្ងន់ធ្ងរ.តើអធិការនគរបាលក្រុង និងអភិបាលក្រុងសំពៅពូន កំពុងធ្វើតួនាទីអ្វី? ការអនុវត្តច្បាប់ពេញលេញឬនៅ?
ការបង្ហាញតម្លៃសេវាកម្មរបស់ហាងម៉ាស្សា -958- ដែលមានតម្លៃខ្ពស់លើសពីស្តង់ដារអាជីវកម្មធម្មតា.៤០នាទី ៨០ដុល្លារ, ៩០នាទី ១៦០ដុល្លារ, ៥ម៉ោង ៣០០ដុល្លារ និង ៨ម៉ោង ៥០០ដុល្លារ-នៅទីតាំងភូមិព្រែកសុឹង ក្រុងសំពៅពូន ខេត្តកណ្តាល មិនអាចមើលជារឿងធម្មតាបាននោះទេ។
តម្លៃបែបនេះកំពុងជំរុញឲ្យសង្គមសង្ស័យយ៉ាងខ្លាំងថា អាចមានសកម្មភាពលាក់លៀម លើសពីសេវាម៉ាស្សាធម្មតា និងមានហានិភ័យពាក់ព័ន្ធនឹង បទល្មើសជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចផ្លូវភេទ។
ពាក់ព័ន្ធនឹងករណីនេះ និពន្ធនាយកអង្គភាពសារព័ត៌មានយើងខ្ញុំ បានសួរសំណួរផ្លូវការទៅលោក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន។ ចម្លើយដែលទទួលបានគឺ(ខ្ញុំអោយជំនាញចុះពិនិត្យ)។
ចំណែក….សំណួរដែលសាធារណៈកំពុងសួរវិញគឺ:-
– ចុះពិនិត្យពេលណា?
– ពិនិត្យដោយអង្គភាពណា?
– លទ្ធផលនៅឯណា?
– ហេតុអ្វីបានជាទីតាំងនៅតែបន្តដំណើរការដូចមិនមានអ្វីកើតឡើង?
ការឆ្លើយតបបែបខ្លី និងគ្មានតម្លាភាពនេះ មិនគ្រប់គ្រាន់សម្រាប់ករណីដែលមានសញ្ញាសង្ស័យធ្ងន់ធ្ងរដល់សង្គមឡើយ ទាំងនេះអាចបង្កើតការសង្ស័យថា ការអនុវត្តច្បាប់ កំពុងយឺតយ៉ាវ មិនតឹងរឹង អ្វីដែលកាន់តែគួរឲ្យព្រួយបារម្ភនោះគឺៈ លោក អេង សុវិចិត្តអភិបាលក្រុងសំពៅពូន ត្រូវបានសារព័ត៌មានទាក់ទងតាមទូរស័ព្ទចំនួន ២ដង ប៉ុន្តែ គ្មានការឆ្លើយតប ភាពស្ងៀមស្ងាត់នេះ ជាការមួយដែលនិយាយបានថា បន្ថែមប្រេងទៅលើភ្លើងសង្ស័យថា:
– តើអាជ្ញាធរក្រុងសំពៅពូនកំពុងគេចវេសពីការបំភ្លឺ?
– ឬក៏មិនមានឆន្ទៈច្បាស់លាស់ក្នុងការប៉ះពាល់ទីតាំងដែលសង្គមកំពុងសង្ស័យ?
តាមច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ អាជ្ញាធរមូលដ្ឋាន និងនគរបាលក្រុង មានកាតព្វកិច្ចច្បាស់លាស់ ក្នុង
ការទប់ស្កាត់ បង្ក្រាប និងការពារជនរងគ្រោះ មុនពេលបទល្មើសកើតឡើង ឬទុកឲ្យរីករាលដាល?
ការមិនចេញមុខបំភ្លឺ និងការខ្វះលទ្ធផលជាក់លាក់ អាចនាំឲ្យមតិសាធារណៈយល់ថា មានការធ្វេសប្រហែសក្នុងតួនាទី
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមដាក់សំណួរទៅអធិការនគរបាលក្រុង និងអភិបាលក្រុងសំពៅពូនជាសាធារណៈថា”
តើហាងម៉ាស្សា-958-មានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬអត់?
តើការផ្សព្វផ្សាយ និងតម្លៃសេវាកម្មបែបនេះ ស្របច្បាប់ដែរឬទេ?
តើមានការត្រួតពិនិត្យពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចផ្លូវភេទរួចហើយឬនៅ?
សូមអ្នកច្បាប់មេតាកុំនៅស្ងៀមឡើយ នៅពេលមហាជនក្នុងសង្គមកំពុងសង្ស័យ។ បើមានការចេញមុខបំភ្លឺដោយតម្លាភាព ពីអភិបាលក្រុង និងការអនុវត្តច្បាប់យ៉ាងតឹងរឹង គឺជាវិធីតែមួយដើម្បីបិទមាត់មតិមហាជនដែលកំពុងសង្ស័យ ហើយជាការស្ដារទំនុកចិត្តសាធារណៈផងដែរ។
បើគ្មានអ្វីលាក់លៀម អាជ្ញាធរគួរតែបង្ហាញការងារឲ្យឃើញ មិនមែនទុកឲ្យមហាជនក្នុងសង្គមសួរហើយស្ងៀមនោះទេ៕
អង្គភាពសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា
ពុំមានចេតនាញុះញង់ទៅលើស្ថាប័នឬអង្គភាពពាក់ព័ន្ធមួយណាឡើយ។
ជាចុងក្រោយអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ

 

ព័ត៌មានដែលជាប់ទាក់ទង