មឹកបង្កករាប់សិបគីឡូក្រាម ត្រូវបានរដ្ឋបាលខេត្តកោះកុងដុតកម្ទេចចោល ក្រោយឃាត់បានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។

(ខេត្តកោះកុង): នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញត្រួតពិនិត្យករណីចាប់ឃាត់បានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ក្នុងទូកដែលចាប់ឃាត់ បានដឹកទំនិញខុសច្បាប់ ដែលទំនិញរួមមានមឹកបង្កក ធុងទឹកខៀវ និងធុងក្លាសេ។ ជាលទ្ធផល មឹកបង្កកដែលឃាត់ចាប់បានត្រូវប្រធានគណ:បញ្ជាការឯកភាពខេត្តយកទៅដុតកម្ទេចចោលទាំងស្រុង ចំណែកទូកធុងទឹកខៀវ និងធុងក្លាសេប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ (កោះយ៉) យកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេតបន្ត។
នេះគឺជាសកម្មភាពឆ្លុះបញ្ចាំងអោយឃេីញថារដ្ឋបាលខេត្តកោះកុងដឹកនាំដោយលោកជំទាវ ឈី វ៉ា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព សុខភាពរបស់ប្រជាពលរដ្ឋស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី បានចាត់ទុក បញ្ហាសុវត្ថិភាពចំណីអាហារ គ្រោះថ្នាក់ជាងគ្រឿងញៀនទៅទៀត ខណៈរាជរដ្ឋាភិបាល កំពុងសិក្សា វាយតម្លៃ និងរៀបចំឡើងវិញនៅភាពជាន់គ្នារបស់ក្រសួងស្ថាប័នមួយចំនួន ដើម្បីឆ្លើយតបនឹងការបញ្ជានេះ ។
ផ្សាយ:ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
រូបថត:រដ្ឋបាលខេត្តកោះកុង




















