
ភ្នំពេញ៖ សំណង់មួយកន្លែងដែលសង្ស័យថា អត់មានច្បាប់ កំពុងសាងសង់យ៉ាងសកម្មនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបង្កើតជាការចាប់អារម្មណ៍ និងការព្រួយបារម្ភពីមហាជន ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងតួនាទីត្រួតពិនិត្យរបស់អាជ្ញាធរមូលដ្ឋាន។
ប្រភពពីអ្នកជំនាញបានបញ្ជាក់ថា តាមនីតិវិធីត្រឹមត្រូវ សំណង់ណាមួយត្រូវតែបង្ហាញឯកសារអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋាននៅមុខទីតាំងឱ្យឃើញច្បាស់។ ករណីមិនមានការបិទបង្ហាញឯកសារទាំងនេះ នោះអាចត្រូវបានចាត់ទុកថា ជាសំណង់សង្ស័យអត់ច្បាប់ ហើយត្រូវមានការត្រួតពិនិត្យភ្លាមៗពីអាជ្ញាធរពាក់ព័ន្ធ។
ជាក់ស្តែង សំណង់ខាងលើមានទំហំធំប្រមាណជាង ១ពាន់ម៉ែត្រការ៉េ ហើយកំពុងដំណើរការសាងសង់ដោយមិនឃើញមានការបិទលិខិតអនុញ្ញាត ឬសញ្ញាបង្ហាញស្របច្បាប់ណាមួយនៅមុខការដ្ឋានឡើយ។ ទំហំដ៏ធំ និងទីតាំងមិនឆ្ងាយពីតំបន់រស់នៅរបស់ប្រជាពលរដ្ឋ បង្ហាញថា មិនមែនជាសំណង់តូចតាចដែលអាចមើលរំលងបាននោះទេ។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពីចៅសង្កាត់ព្រែកថ្មី លោកស្រី វ៉ា សុរិន បានទេ ដោយសារលោកស្រីជាប់ប្រជុំ ខណៈដែលអាជ្ញាធរខណ្ឌច្បារអំពៅលោកហ្វាយខណ្ឌ ម៉ូវ ម៉ានិត ក៏មិនទាន់អាចផ្តល់ព័ត៌មានលម្អិតបាន ដោយលោកបានឆ្លើយថា កំពុងបើកបររថយន្ត។
បន្ថែមពីនេះ ប្រភពពីជាងសំណង់នៅទីតាំងបានបញ្ជាក់ថា សំណង់នេះគ្រោងធ្វើជាប្រភេទផ្ទះជួល ប៉ុន្តែមិនស្គាល់ម្ចាស់ពិតប្រាកដឡើយ ព្រោះគាត់ទើបតែមកធ្វើការនៅទីនោះ។ ព័ត៌មាននេះកាន់តែបង្កើនការសង្ស័យលើភាពត្រឹមត្រូវនៃសំណង់ និងដំណើរការអនុញ្ញាត។
ជាអកុសល អង្គភាពសារព័ត៌មានក៏មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីជំនាញ ដូចជា ប្រធានការិយាល័យរៀបចំដែនដី នគរូប្បនីកម្ម សំណង់ និងភូមិបាលខណ្ឌច្បារអំពៅ ឬមន្ទីររៀបចំដែនដីរាជធានីភ្នំពេញបាននៅឡើយទេ ដោយសារខ្វះព័ត៌មានទំនាក់ទំនង។
ក្នុងបរិបទនេះ សំណង់ដែលមានទំហំធំ និងសកម្មភាពសាងសង់បន្តដោយគ្មានការបង្ហាញឯកសារផ្លូវការជាក់ស្តែង គួរត្រូវបានអាជ្ញាធរចុះពិនិត្យយ៉ាងតឹងរឹង ដើម្បីធានាការអនុវត្តច្បាប់ និងបង្ការហានិភ័យសំណង់មិនស្តង់ដារ។
បណ្ដាញសារព័ត៌មានពេញចិត្តមេឌា នឹងបន្តតាមដាន និងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា ព័ត៌មានត្រូវបានបង្ហាញដោយត្រឹមត្រូវ ស្មោះត្រង់ និងមានតម្លាភាព សម្រាប់ប្រយោជន៍សាធារណៈ៕
ប្រភព សារព័ត៌មាន ពេញចិត្តមេឌា
