សម្តេចតេជោ ហ៊ុន សែន រួមទាំងកូនប្រុស ២នាក់ បានអញ្ជើញដង្ហែ អង្គព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា​ ឆ្នាំ២០២៦​ នេះ។

(ប៉េកាំង)​: សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​ និង​ជាប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ រួមទាំងកូនប្រុស ២នាក់ បានអញ្ជើញដង្ហែអង្គព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ នេះ​ សម្តេចបានបញ្ជាក់​តាមហ្វេសប៊ុកផ្លូវការរបស់សម្តេចដែលមានខ្លឹមសារទាំងស្រុងដោយខាងក្រោម:

ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់!

ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យ

ក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនសូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោះព្រះអង្គ។

ខ្ញុំសូមយកឱកាសនេះអរគុណប្រធានាធិបតីសុី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា។

សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ

ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រគឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។

ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញ

នៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦។

 

ផ្សាយ​:ថ្ងៃទី​២០ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង