សម្តេច​មហាបវរ​ធិបតី​ ​ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ។

(ខេត្ត​ព្រះសីហនុ)​: នាព្រឹក​ថ្ងៃទី​១ ខែឧសភា​ ឆ្នាំ២០២៦​ សម្តេច​មហាបវរ​ធិបតី​ ​ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ។

ក្នុងពិធី​សំណេះសំណាល​នេះ​ ក៏មានការអញ្ជេីញចូលរួមពី​សំណាក់ឯកឧត្តម​ លោកជំទាវ​ អ្នកឧកញ៉ា​ អភិបាល​ខេត្ត​ព្រះសីហនុ​​ លោក-លោកស្រីភ្ញៀវជាតិ-អន្តរជាតិ​ ព្រមទាំងឥស្សរ:ជនកំពូលៗ និងប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ដ៏ទៃទៀត យ៉ាង​ច្រេីន​កុះករ​។

វិស័យកំពង់ផែ គឺជាវិស័យ​អាទិភាពដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ក្នុងន័យនេះរាជរដ្ឋាភិបាលខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​កំពង់ផែរបស់យើង ឱ្យកាន់តែរីកចម្រើនថែម​ទៀតសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើន​សេដ្ឋកិច្ចជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើង ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវខិតខំ ធ្វើទំនើបកម្ម និងកែទម្រង់ ឱ្យបានជាប់ជាប្រចាំ ពិសេសការកែសម្រួលនីតិវិធីផ្សេងៗឱ្យកាន់តែ លឿន និងប្រសិទ្ធភាពខ្ពស់ ដែលជា ចំណែក យ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយ និង ចំណេញពេលវេលា។ មួយវិញទៀត យើងត្រូវជំរុញ និងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យា សម្ភារៈ និងធនធានមនុស្ស។ ក្នុង ន័យនេះ, ទន្ទឹម នឹងការធ្វើទំនើបកម្មបច្ចេកវិទ្យា និងសម្ភារៈ, បុគ្គលិក និង មន្ត្រីទាំងអស់ ដែលបម្រើការក្នុងវិស័យកំពង់ផែ ត្រូវបន្តពង្រឹងសមត្ថភាពជាប់ជាប្រចាំ ដើម្បីជួយ ដល់ការពង្រឹងគុណភាព នៃកំពង់ផែស្វយ័តក្រុង ព្រះសីហនុផង និងសេដ្ឋកិច្ចជាតិផង ពិសេសការ ទទួលបានការជឿជាក់ពីបណ្តាប្រទេសនានា លើ ការរៀបចំ និងទុកដាក់លើការដឹកជញ្ជូនទូកុងតឺន័រ ដែលបានចាកចេញពីកម្ពុជា។

បន្ថែមពីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន ដាក់ចេញនៅគោលការណ៍ណែនាំអំពីការកាត់បន្ថយ នីតិវិធីក្នុងការចុះវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់រោងចក្រសហគ្រាសដែលបាន ចុះធ្វើ ឬបង្កើតរោងច្រកនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស ដែលមានអាជ្ញាប័ណ្ណផ្លូវការ ដោយ៖ ១), ក្នុងករណីដែលរោងចក្រសហគ្រាស មិនមាន ហានិភ័យនៃការប៉ះពាល់បរិស្ថានខ្ពស់ មិនតម្រូវឱ្យ មានការចុះធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ជាមួយក្រសួងបរិស្ថានទេ ដោយតម្រូវឱ្យម្ចាស់ តំបន់សេដ្ឋកិច្ចពិសេស ជាអ្នកទទួលខុសត្រូវ និង សហការជាមួយក្រសួងបរិស្ថាន និង ២), ក្នុងករណី ដែលរោងចក្រសហគ្រាស ដែលមានហានិភ័យខ្ពស់ ចំពោះបរិស្ថាន គឺត្រូវធ្វើការវាយតម្លៃផលប៉ះពាល់ បរិស្ថាន ជាមួយក្រសួងបរិស្ថាន ព្រមជាមួយគ្នានេះ ក្រសួងបរិស្ថាន នៅតែមានសិទ្ធិក្នុងការចុះត្រួតពិនិត្យ ប្រសិនបើមានតម្រូវការ ឬហានិភ័យផងដែរ។

មុននឹងបញ្ចប់, សម្តេចធិបតី នាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់បន្ថែមឡើងវិញ អំពីករណីក្មេងទំនើង ដោយសម្តេច បានបញ្ជាក់ថា សម្តេចបានប្រគល់ ភារកិច្ចឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគបាលជាតិ និង ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ ពិនិត្យមើលច្បាប់ដែលមានជាធរមាន ៖ ១), ថាតើច្បាប់អាចអនុញ្ញាតឱ្យយើង អាចយក ក្មេងទំនើងធ្វើសកម្មភាពការងារមួយចំនួន ដែល បម្រើដល់សមរភូមិមុខឬទេ មិនមានគោលការណ៍ ឱ្យបង្កើតច្បាប់ថ្មីនោះទេ។ ទី២), គឺយកក្មេងទំនើង ទាំងនោះ ទៅធ្វើសកម្មភាព បម្រើសមរភូមិមុខ ពុំមែនបញ្ជូនទៅសមរភូមិមុខនោះទេ (មិនឱ្យកាន់ កាំភ្លើង នៅសមរភូមិនោះទេ)។ ជាគោលគំនិត, ក្មេងទំនើងដែលប្រព្រឹត្តខុស គឺត្រូវអនុវត្តច្បាប់ ជាធរមាន។ ប៉ុន្តែ ឱ្យពិនិត្យមើលក្មេង ទំនើង ដែល កំពុងជាប់ឃុំ, ដែលកំពុង ទទួលការអប់រំ ត្រូវធ្វើ ពលកម្មបន្ថែម ដូចជាធ្វើសកម្មភាពចាក់បេតុងធ្វើ លេណដ្ឋានជាដើម ដែលបម្រើដល់សមរភូមិ ក្រៅពី សកម្មភាពពលកម្មតិចតួច ដូចជា បោសសម្អាត ការ ធ្វើរងបន្លែ ឬទទួលការអប់បណ្តុះបណ្តាលផ្សេងៗ ដែលមាន ស្រាប់ ។

ក្រៅពីនេះ​ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាសង្គមជាតិមួយរីកចម្រើន ទាល់តែ មនុស្សមានវិន័យ, មានសមត្ថភាព ឆន្ទៈ និង ការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ, ប្រជាជន គ្រប់រូបត្រូវតែជាធនធានរបស់ជាតិ មិនមែនជាបន្ទុក របស់ជាតិទេ នេះហើយគឺជាទិសដៅរបស់យើងក្នុង ការកសាងជាតិ ។

 

ផ្សាយ​:ថ្ងៃទី​១ ខែមេសា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

📷​STPM

 

 

ព័ត៌មានដែលជាប់ទាក់ទង