អភិបាលខណ្ឌឫស្សីកែវ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងការពារតំបន់ច្រាំងទន្លេសាប ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

(រាជធានីភ្នំពេញ)÷ កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលបាលខណ្ឌ បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យមើលភូមិសាស្រ្តតាមដងទន្លេទសាប ក្នុងដែនរដ្ឋបាលខណ្ឌ ដើម្បីពិនិត្យមេីលករណីសំណង់មិនស្របច្បាប់ សំណង់មានបញ្ហា អនាម័យបរិស្ថាន ផ្ទះបណ្តែតទឹក ដែលខុសច្បាប់តាមបណ្ដោយដងទន្លេក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។
លោកអភិបាលខណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលមូលដ្ឋានសង្កាត់ពាក់ព័ន្ធទាំងអស់ដែលជាប់នឹងដងទន្លេសាបត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ដែលមានស្ថានភាពសំណង់ខុសច្បាប់ ជាពិសេស តំបន់អនាធិបតេយ្យដែលអាចបង្កឲ្យមានកើតមានឡើងការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររបស់ខ្លួនដោយត្រូវមានវិធានការអោយបានតឹងរឹង និងចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។
ឆ្លៀតក្នុងឨកាសនោះ លោកអភិបាលខណ្ឌ ក៏បានបន្តចុះសួរសុខទុក្ខ សំណេះសំណាលបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងប្រកបរបររកស៊ីក្នុងមូលដ្ឋាន ព្រមទាំងបានណែនាំបងប្អូនប្រជាពលរដ្ឋរួមគ្នា សម្អាត និងថែរក្សាបរិស្ថានតាមដងទន្លេអោយមានសណ្តាប់ធ្នាប់ ជៀសវាងសកម្មភាពណាដែលអាចធ្វេីអោយប៉ះពាល ឫក៏បាក់ស្រុតដល់ច្រាំងទន្លេជាដេីម៕
ផ្សាយ:ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ(FB)











