ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនស២ និងលោកជំទាវ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តលង្កា ព្រះកុសុមារាម

(រាជធានីភ្នំពេញ): នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនស២ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសម្ពន្ធយុវជនអាហារូបករណ៍ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តលង្កា ព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែល សាវ័ក ផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈ ពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់ វស្សា។ ចំណែកឯ ពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នា ប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងរស្សិក សាដក (សំពត់សម្រាប់ងូតទឹក ភ្លៀង) ដែលនិយមហៅថា សំពត់ សាដកចំណាំវស្សា ព្រម ទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈ មួយចំនួនទៀតតាម លទ្ធភាព ។
ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុង ខែវស្សាជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជា ព្រះសង្ឃ លំបាក ក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែង មួយ។ ព្រះពុទ្ធ ជាម្ចាស់បានត្រាស់ដាក់អោយភិក្ខុសង្ឃ ទាំងឡាយចូលវស្សា រយៈពេល ៣ខែ ដើម្បីសិក្សារៀនសូត្រ ព្រះធម៌ ហើយពុទ្ធបរិស័ទជា អ្នកទំនុកបម្រុងព្រះសង្ឃនៅក្នុង ពេលចូលព្រះវស្សា ៣ខែនេះ។
ពាក្យថា វស្សា មកអំពីព្យបាលីថា រស្ស ប្រែថាភ្លៀង ឬរដូវ ភ្លៀង ដែលមានកំណត់រយៈពេល៤ខែ គឺរាប់ពីថ្ងៃ១រោច ខែ អាសាឍ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថា វស្សានរដូវ ហើយដើមកំណើតនៃការចូលព្រះវស្សា មានតាំងពីព្រះសម្មាសម្ពុទ្ធគង់នៅមានព្រះជន្មនៅឡើយ។
ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ បានប្រគេនទៀនចំណាំព្រះវស្សា សំពត់សាដក គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ព្រមទាំងបច្ច័យ ដើម្បីទុកជាការឧបត្ថម្ភដល់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សា ស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ជាតិ។
ផ្សាយ:ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷Prasith Sok










