ករណីកាយហុំព័ទ្ធដីច្រាំងទន្លេដុះថ្មី ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលរៀបចំដោយបុគ្គលឈ្មោះ កុសល ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ពុំទាន់មានលិខិតអនុញ្ញាតជាផ្លូវការនៅឡើយ (មានវីដេអូ)។
(ខេត្តកណ្តាល): សកម្មភាពយកគ្រឿងចក្រមកកាយដី និងចាក់ដីលប់ច្រាំងទន្លេ ស្ថិតក្នុងភូមិកោះផុស២ ឃុំដីឥដ្ឋ កំពុងតែទាក់ទាញការចាប់អារម្មណ៍ និងបង្កើតជាចម្ងល់យ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងមូលដ្ឋាន។ ការណ៍នេះកើតឡើង បន្ទាប់ពីមានព័ត៌មានលេចឮថា ម្ចាស់ទីតាំងដែលកំពុងអនុវត្តសកម្មភាពនោះ គឺជាមន្ត្រីបម្រើការងារនៅក្រសួងមហាផ្ទៃ ហើយការអនុវត្តសកម្មភាពកាយដីនោះទៀតសោត ហាក់ពុំទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវនៅឡេីយ។
យោងតាមការបំភ្លឺជាព័ត៌មានពីលោកមេឃុំដីឥដ្ឋ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ពាក់ព័ន្ធនឹងដីត្រង់ចំណុចច្រាំងទន្លេខាងលើ លោកបានលើកឡើងថា៖
ដីនៅតំបន់នោះកាលពីមុន គឺពិតជាដីកម្មសិទ្ធិរបស់លោក កុសល ដែលជាមន្ត្រីបម្រើការងារនៅក្រសួងមហាផ្ទៃពិតមែន ប៉ុន្តែដីនោះត្រូវបានបាក់ស្រុតចូលទៅក្នុងទន្លេអស់ជាច្រើនឆ្នាំមកហើយ។ លុះពេលបច្ចុប្បន្ន នៅពេលដែលដីនោះចាប់ផ្តើមដុះឡើងវិញ លោក កុសល ក៏បាននាំយកគ្រឿងចក្រមកកាយហុំព័ទ្ធ ដើម្បីរៀបចំជាកម្មសិទ្ធិឡើងវិញ។
ទន្ទឹមនឹងនេះដែរ លោកមេឃុំបានបញ្ជាក់បន្ថែមថា សកម្មភាពនាំគ្រឿងចក្រមកកាយហុំព័ទ្ធ និងចាក់ដីលប់ច្រាំងទន្លេឡើងវិញនេះ គឺពុំទាន់មានលិខិតសុំអនុញ្ញាត ឬច្បាប់អនុញ្ញាតផ្លូវការណាមួយនៅឡើយទេ។
យោងតាមបទប្បញ្ញត្តិ និងច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជា ដីកោះ ឬដីច្រាំងទន្លេដែលដុះឡើងវិញ ត្រូវចាត់ទុកជា «សម្បត្តិសាធារណៈរបស់រដ្ឋ» ទោះបីជាដីនោះធ្លាប់ជាដីកម្មសិទ្ធិឯកជនដែលធ្លាប់បាក់ស្រុតចូលទៅក្នុងទឹកពីមុនមកក៏ដោយ។ លើសពីនេះ រាល់ការកាយដី បូមខ្សាច់ ឬចាក់ដីលប់ច្រាំងទន្លេ ត្រូវតែមានការស្នើសុំការវាយតម្លៃផលប៉ះពាល់ និងមានការអនុញ្ញាតជាផ្លូវការពីក្រសួង ឬស្ថាប័នជំនាញពាក់ព័ន្ធជាមុនសិន។
ផ្អែកលើទិដ្ឋភាពច្បាប់ និងការបំភ្លឺពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋក្នុងឃុំដីឥដ្ឋ បានសម្តែងនូវក្តីកង្វល់ និងបានស្នើសុំការបកស្រាយលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
តើសកម្មភាពកាយដី និងចាក់ដីលប់ច្រាំងទន្លេដោយគ្មានលិខិតអនុញ្ញាតនេះ ស្របទៅតាមនីតិវិធីច្បាប់ដែរឬទេ?
ហេតុអ្វីបានជាសកម្មភាពកាយដីនេះ នៅតែអាចបន្តប្រព្រឹត្តទៅបាន ដោយពុំទាន់មានវិធានការផ្អាកបណ្តោះអាសន្នពីអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ?
ដើម្បីធានាបាននូវការគ្រប់គ្រងសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវ ប្រជាពលរដ្ឋក្នុងឃុំដីឥដ្ឋ សូមគោរពស្នើសុំយ៉ាងទទូចដល់ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ និង លោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាននូវតម្លាភាព និងភាពស្មើគ្នាចំពោះមុខច្បាប់។
អាស្រ័យហេតុនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះឡើង ក្នុងគោលបំណងចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋ និងបម្រើប្រយោជន៍សង្គមដោយស្មោះត្រង់។ ករណីនេះ អង្គភាពយើងខ្ញុំពុំទាន់អាចសុំការបកស្រាយផ្ទាល់ពីលោក កុសល បាននៅឡើយទេ ដោយសារពុំទាន់មានលេខទូរស័ព្ទទំនាក់ទំនង។ អង្គភាពយើងខ្ញុំរង់ចាំទទួលការបំភ្លឺគ្រប់ពេលវេលា ពីលោក កុសល ក៏ដូចជាពីអាជ្ញាធរស្រុកកៀនស្វាយ និងស្ថាប័នជំនាញពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ដើម្បីឱ្យអត្ថបទព័ត៌មាននេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន៕
ផ្សាយ: ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:គេហទំព័រថ្ងៃ៧មករា





