ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជើញក្នុងពិធីបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦​

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម​ សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ អមដំំណេីរដោយលោក ឧត្តម​សេនីយ៍​ត្រី​ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ លោក​ ស​រ​ កក្កដា​ អភិបាលក្រុង និងលោក​គ្រូ​ អ្នកគ្រូជាច្រេីនរូបទៀត បានអញ្ជើញក្នុងពិធីបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បាន​លេីក​ទឹកចិត្ត​ និងសំណេះសំណាលដោយផ្ទាល់ជាមួយសិស្សានុសិស្ស មាតាបិតាសិស្ស ដែលបានជូនកូនចៅមកប្រឡង កុំឱ្យមានការព្រួយបារម្ភ​ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការប្រលង​ ដេីម្បីទទួលបានចំណាត់ថ្នាក់ល្អព្រោះបេក្ខជនដែលមាន សមត្ថភាពជាប់បាននិទ្ទេស A​ ជារៀងរាល់ឆ្នាំតែងតែទទួលបានការលេីកទឹកចិត្តខ្ពស់ពីរដ្ឋបាលខេត្ត​ ខណ:រដ្ឋបាលខេត្តបានសម្រេចផ្តល់ការ ឧបត្ថម្ភអាហារចំនួន ៦ ពេល ព្រមទាំងរៀបចំកន្លែង ស្នាក់នៅជូនដល់បេក្ខជនដែលមានជីវភាពខ្វះខាត និង បេក្ខជនដែលធ្វើដំណើរមកពីឆ្ងាយក្នុងកំឡុងពេលប្រលង២ថ្ងៃនេះផងដែរ។

យោងតាម​ប្រសាសន៍​លោក​ស្រី​ អ៊ុច សោភា​ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជក់ថា: ខេត្តព្រះសីហនុ បានរៀបចំមណ្ឌលប្រឡង សរុបចំនួន ៥ មណ្ឌល ដោយចែកចេញជា ៩៩ បន្ទប់ ដើម្បីទទួលបេក្ខជនចូលរួមប្រឡងសរុប ២,៤០១ នាក់ (ស្រី ១,២៦៧ នាក់)។ ក្នុងនោះ បេក្ខជនថ្នាក់ វិទ្យាសាស្ត្រមាន២មណ្ឌល ចំនួន ៤៦០នាក់ (ស្រី ២៦៣ នាក់) ស្មើនឹង ២០ បន្ទប់ ដោយបែងចែកនៅមណ្ឌលវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ចំនួន ១២ បន្ទប់ និងមណ្ឌលបឋមសិក្សា-វិទ្យាល័យ វាលរេញ ស្រុកព្រៃនប់ ចំនួន ៨ បន្ទប់។

ដោយឡែក បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន សរុប ១,៩៤១ នាក់ (ស្រី ១,០០៤ នាក់) ស្មើនឹង ៧៩ បន្ទប់ ដែលស្ថិតនៅតាមមណ្ឌលចំនួន៣ រួមមាន មណ្ឌលវិទ្យាល័យហ៊ុនសែនមិត្តភាព ចំនួន ៣៣ បន្ទប់, មណ្ឌលអនុវិទ្យាល័យ តេជោសែន កម្មករ ចំនួន ១២ បន្ទប់ និងមណ្ឌលវិទ្យាល័យ វាលរេញ ស្រុកព្រៃនប់ ចំនួន ៣៤ បន្ទប់។ គ្រប់មណ្ឌលប្រឡងទាំងអស់ត្រូវ បានរៀបចំបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់យ៉ាង ស្អាតបាត ប្រកបដោយរបៀបរៀបរយ ដើម្បីធានាឱ្យ ដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងមាន សុវត្ថិភាពខ្ពស់។

 

ផ្សាយ​:ថ្ងៃទី​១០ ខែសីហា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

 

ព័ត៌មានដែលជាប់ទាក់ទង