សេចក្តីថ្លែងការណ៍ជាផ្លូវការរបស់អង្គភាពសារព័ត៌មាន ASEAN DAILY ឆ្លើយតបនឹងការវាយត្រា “Fake News” និងលិខិតបំភ្លឺរបស់រដ្ឋបាលស្រុកទឹកឈូ

​(ខេត្តកំពត)៖ អង្គភាពសារព័ត៌មាន ASEAN DAILY សូមសម្តែងការសោកស្តាយយ៉ាងខ្លាំង និងសូមប្រកាសបដិសេធទាំងស្រុងចំពោះចំណាត់ការរបស់រដ្ឋបាលស្រុកទឹកឈូ ដែលបានវាយត្រា “Fake News” (ព័ត៌មានក្លែងក្លាយ) មកលើការចុះផ្សាយរបស់យើងខ្ញុំ កាលពីពេលថ្មីៗនេះ។ ក្នុងនាមជាស្ថាប័នព័ត៌មានដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន យើងខ្ញុំសូមធ្វើការបំភ្លឺតបដោយស្មោះត្រង់ ស៊ីជម្រៅ និងផ្អែកលើការពិតជាក់ស្តែង ជូនសាធារណជនជ្រាប ដូចខាងក្រោម៖

​១. ការចុះផ្សាយពុំមែនជាការញុះញង់ ឬប្រឌិតឡើយ

យើងខ្ញុំសូមបញ្ជាក់យ៉ាងដាច់អហង្ការថា រាល់ការចុះផ្សាយរបស់ ASEAN DAILY ពុំមានចេតនាណាមួយក្នុងការញុះញង់ បង្ខូចកិត្តិយស ឬវាយប្រហារដោយអគតិទៅលើស្ថាប័នរដ្ឋបាលណាមួយឡើយ។ ផ្ទុយទៅវិញ មុននឹងឈានដល់ការចុះផ្សាយ ក្រុមការងាររបស់យើងខ្ញុំបានបំពេញកាតព្វកិច្ចយ៉ាងពេញលេញ ដោយបានចុះទៅដល់ទីតាំងផ្ទាល់ និងបានចូលជួបសាកសួរព័ត៌មានពីតំណាងរដ្ឋបាលស្រុកទឹកឈូយ៉ាងច្បាស់លាស់។ ក្នុងជំនួបនោះ តំណាងអាជ្ញាធរខ្លួនឯងផ្ទាល់បានបញ្ជាក់ប្រាប់យើងខ្ញុំថា “ត្រឹមក្រដាសអនុញ្ញាតមួយសន្លឹកនេះ គឺអាចធ្វើអ្វីៗ ចាក់ឫស បុកគ្រឹះ និងសាងសង់បានហើយ”។ ដូច្នេះ ការដែលអាជ្ញាធរយកការចុះផ្សាយដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង និងតាមប្រសាសន៍របស់ខ្លួនឯង មកវាយត្រាថាជាព័ត៌មានក្លែងក្លាយនោះ គឺជាទង្វើមួយដែលអង្គភាពយើងខ្ញុំ មិនអាចទទួលយកបានជាដាច់ខាត។ នេះគឺជាការវាយតម្លៃខុសឆ្គង និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នព័ត៌មានយើងខ្ញុំយ៉ាងធ្ងន់ធ្ងរ។

​២. ការទាមទារភាពស្អាតស្អំ និងតម្លាភាពជាសាធារណៈ

ដើម្បីជៀសវាងការយល់ច្រឡំពីសំណាក់មហាជនទូទៅមកលើអង្គភាពសារព័ត៌មានយើងខ្ញុំ ថាបានចុះផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ អង្គភាពសារព័ត៌មាន ASEAN DAILY សូមស្នើសុំយ៉ាងទទូចឱ្យរដ្ឋបាលស្រុកទឹកឈូ បញ្ចេញនូវរាល់ឯកសារច្បាប់ពាក់ព័ន្ធនឹងការសាងសង់នៅចំណីព្រែកនោះជាសាធារណៈ។ ប្រសិនបើការសាងសង់នោះពិតជាស្របច្បាប់ និងមានលិខិតអនុញ្ញាតគ្រប់គ្រាន់ត្រឹមត្រូវ (មិនមែនត្រឹមតែក្រដាសមួយសន្លឹកដូចការអះអាងកន្លងមក) សូមអាជ្ញាធរមេត្តាបង្ហាញឯកសារទាំងនោះជូនមហាជនឱ្យបានឃើញច្បាស់ ដើម្បីជាការបញ្ជាក់ភាពស្អាតស្អំ និងបញ្ចប់មន្ទិលសង្ស័យទាំងស្រុង។

​៣. ជំហរចំពោះការធ្វើសេចក្តីបំភ្លឺរបស់ស្ថាប័នរដ្ឋ

អង្គភាពយើងខ្ញុំសូមផ្តល់ជាទស្សនៈក្នុងន័យស្ថាបនាថា រាល់ការចេញសេចក្តីបំភ្លឺ ឬការទាត់ចោលព័ត៌មានណាមួយពីសំណាក់រដ្ឋបាលស្រុក ក៏ដូចជារដ្ឋបាលផ្សេងៗទៀត គួរតែធ្វើឡើងដោយផ្អែកលើមូលដ្ឋានឯកសារច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការចេញលិខិតបំភ្លឺត្រឹមតែមួយជ្រុង ឬការវាយត្រា “Fake News” តាមតែការនឹកឃើញ ដើម្បីការពារចំណុចខ្វះចន្លោះណាមួយនោះ គឺជារឿងដែលមិនគួរកើតមានឡើយ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល និងធ្វើឱ្យខូចតម្លៃដល់អ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចយ៉ាងត្រឹមត្រូវ។

​ជាទីបញ្ចប់ អង្គភាពសារព័ត៌មាន ASEAN DAILY នៅតែរក្សាជំហរយ៉ាងរឹងមាំក្នុងការផ្សព្វផ្សាយការពិត ប្រកបដោយសីលធម៌ មិនប្រើប្រាស់ពាក្យពេចន៍អសុរោះ ឬបរិហារកេរ្តិ៍ដោយគ្មានមូលដ្ឋានឡើយ។ យើងខ្ញុំរង់ចាំមើលការបង្ហាញឯកសារច្បាប់ជាសាធារណៈពីរដ្ឋបាលស្រុកទឹកឈូ ដោយក្ដីសង្ឃឹមថា តម្លាភាព និងយុត្តិធម៌សង្គម នឹងត្រូវបានផ្តល់ជូនយ៉ាងពិតប្រាកដ។

 

ផ្សាយ​: ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង