ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិសលើកិច្ចការងារសម្របសម្រួលអង្គការ​សមាគមអ្នកសារព័ត៌មាន​ នៅកម្ពុជា។ ​

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិសលើកិច្ចការងារសម្របសម្រួលអង្គការ​សមាគមអ្នកសារព័ត៌មាននៅកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងនាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធានសមាគមអ្នកសារព័ត៌មានជាច្រើនរូប។​ កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃលើសមិទ្ធផល និងបញ្ហាប្រឈមនានាដែលក្រសួងព័ត៌មានបានជួបប្រទះ និងដោះស្រាយក្នុងរយៈពេល​៦ខែដើម ឆ្នាំ២០២៦។

ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមសារព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌការងារព័ត៌មាន និងការផ្សព្វផ្សាយ ហើយនៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានដាក់ចេញផែនការសម្រាប់ធ្វើកិច្ចការងារក្នុងក្របខណ្ឌជួយដល់បងប្អូនសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាន ឱ្យបានល្អ អាចដំណើរការផ្សាយទៅមុខទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការសហការគ្នារវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាន គឺជាកត្តាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕

 

ផ្សាយ​:ថ្ងៃទី​១៩ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

ប្រភព​: Neth​ Pheaktra(FB)​

 

 

ព័ត៌មានដែលជាប់ទាក់ទង