តុលាការកំពូល|សេចក្តីប្រកាសព័ត៌មាន សំណុំរឿងរដ្ឋប្បវេណីលេខ៣៥ ចុះថ្ងៃទី១០ មករា ២០២៥ ដែលមានដើមចោទឈ្មោះ សុង ធីតា និងចុងចម្លើយឈ្មោះ សោម ពិសី ព្រមទាំងស្វាមី ឈ្មោះ គុយ ហាក់ ពាក់ព័ន្ធនឹងវិវាទកម្មវត្ថុបណ្ដឹង ទាមទារទឹកប្រាក់ ចំនួន ៤៧៦.៧៥០ ដុល្លារ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
តុលាការកំពូល
ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យតុលាការកំពូល មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ តុលាការកំពូលបានបញ្ចប់ការពិនិត្យ និងសម្រេចលើសំណុំរឿងរដ្ឋប្បវេណីលេខ ៣៥ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដែលមានដើមចោទឈ្មោះ សុង ធីតា និងចុងចម្លើយឈ្មោះ សោម ពិសី ព្រមទាំងស្វាមីឈ្មោះ គុយ ហាក់ ពាក់ព័ន្ធនឹងវិវាទកម្មវត្ថុបណ្តឹងទាមទារប្រាក់ចំនួន ៤៧៦.៧៥០ (បួនសែនប្រាំពីរម៉ឺនប្រាំមួយពាន់ប្រាំពីររយហាសិប) ដុល្លារអាមេរិក។ ដំណើររឿង និងទិដ្ឋភាពច្បាប់នៃវិវាទនេះ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖
១. ដើមចមនៃវិវាទ និងស្ថានភាពគតិយុត្ត៖ កាលពីឆ្នាំ២០១៩ ដើមចោទបានទិញដីពីចុងចម្លើយ ទំហំ ៦.១៥០ ម៉ែត្រការ៉េ នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតម្លៃ ៩០ (កៅសិប) ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ ដើមចោទបានប្រគល់ប្រាក់គ្រប់ចំនួន ៤៧៦.៧៥០ (បួនសែនប្រាំពីរម៉ឺនប្រាំមួយពាន់ប្រាំពីររយហាសិប) ដុល្លារអាមេរិក រួចរាល់ ប៉ុន្តែការផ្ទេរសិទ្ធិកាន់កាប់មិនអាចធ្វើទៅបានតាមកិច្ចសន្យាឡើយ ដោយសារដីនោះស្ថិតក្នុងដែនគម្របព្រៃឈើ។ ក្រោយមក តាមរយៈអនុក្រឹត្យលេខ ២០២ អនក្រ.បក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានធ្វើអនុប្បយោគដីតំបន់នោះជាដីឯកជនរបស់រដ្ឋ ដើម្បីប្រគល់ជូនក្រុមហ៊ុនឯកជនផ្សេងទៀតគ្រប់គ្រង។ ស្ថានភាពនេះបានធ្វើឱ្យបំណងប្រាថ្នារបស់អ្នកទិញក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិត្រូវរលាយបាត់ ទើបនាំឱ្យមានការប្តឹងទាមទារប្រាក់ត្រឡប់មកវិញ។
២. ក្នុងដំណើរការនៃការដោះស្រាយវិវាទ ឃើញថា ភាគីបានខិតខំប្រឹងប្រែងក្នុងការផ្សះផ្សាគ្នារហូតដល់ដំណាក់កាលតុលាការកំពូល។ ក្នុងស្មារតីយុត្តិធម៌ និងបំណងឱ្យមានការសះជានិងគ្នា ជាជាងការសម្រេចក្តីនោះ តុលាការកំពូលបានផ្តល់ឱកាសយ៉ាងច្រើនលើកច្រើនសារក្នុងការសម្របសម្រួលឱ្យភាគីទាំងពីរអាចបញ្ចប់វិវាទដោយសន្តិវិធី។ ជាលទ្ធផលដ៏គួរឱ្យកោតសរសើរ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ភាគីទាំងពីរបានបង្ហាញនូវ «ឆន្ទៈសុចរិត» យ៉ាងខ្លាំងក្លា ដោយភាគីចុងចម្លើយបានយល់ព្រមប្រគល់ដីទំហំ ៦០០ ម៉ែត្រការ៉េ រួមជាមួយប្រាក់ចំនួន ៦០.០០០ (ប្រាំមួយម៉ឺន) ដុល្លារអាមេរិក ខណៈដែលដើមចោទក៏បានបន្ទន់ឥរិយាបថមកត្រឹមការទាមទារតែទឹកប្រាក់ចំនួន ៤២៥.០០០ (បួនសែនពីរម៉ឺនប្រាំពាន់) ដុល្លារអាមេរិក វិញ។
៣. គួរឱ្យសោកស្តាយដែលភាគីទាំងពីរមិនអាចឈានដល់ការសះជានិងគ្នាហេតុនេះ ផ្អែកលើអង្គហេតុ, អង្គច្បាប់និងភស្តុតាង តុលាការកំពូលបានចាត់ការតាមនីតិវិធីជាបន្តដោយបានសម្រេចឱ្យភាគីចុងចម្លើយសងប្រាក់ចំនួន ៤២៥.០០០ (បួនសែនពីរម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ជូនដើមចោទវិញ អនុលោមតាមបញ្ញត្តិនៃមាត្រា ៣៥៤, មាត្រា ៧៣៦ និងមាត្រាពាក់ព័ន្ធនៃក្រមរដ្ឋប្បវេណី។
ទោះជាយ៉ាងនេះក្តី សូមបញ្ជាក់បន្ថែមថា សេចក្តីសម្រេចនេះ គឺជាការឆ្លើយតបនឹងជំហរសុចរិតរបស់ភាគីទាំងពីរ ដែលបានពិភាក្សាក្នុងដំណាក់កាលផ្សះផ្សា។ ម្យ៉ាងវិញទៀត ទោះបីមានសេចក្តីសម្រេចជាស្ថាពរនេះក៏ដោយ ក៏មិនរារាំងសិទ្ធិរបស់ភាគីក្នុងការបន្តស្វែងរកការសះជាក្រៅប្រព័ន្ធតុលាការបន្ថែមទៀតឡើយ។ យន្តការ «នយោបាយឈ្នះ-ឈ្នះ» នៅតែជាវិថីដ៏វិសេសវិសាលបំផុត ដើម្បីបញ្ចប់វិវាទដោយភាពស្មោះសរ និងរក្សាបាននូវសន្តិភាពផ្លូវចិត្តសម្រាប់ភាគីទាំងសងខាង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
(មានហត្ថលេខា និងត្រា)
អ្នកនាំពាក្យតុលាការកំពូល
ផ្សាយ:ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)


