វិវាទដីធ្លី ៣៤ហិកតានៅកំពង់ស្ពឺ៖ អ្នកវិនិយោគអះអាងថាខ្លួនរងគ្រោះ ខណៈក្រសួងរកឃើញការ «គប់គិត» បន្លំឯកសារ (តើមន្ត្រីទុច្ចរិតគួរចប់ត្រឹមការដកតំណែង ឬត្រូវប្រឈមមុខផ្លូវច្បាប់?)

ចុះផ្សាយថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ករណីវិវាទដីធ្លីទំហំជាង ៣៤ហិកតា (០៤ក្បាលដី) ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបង្ហាញនូវទិដ្ឋភាពផ្ទុយគ្នាស្រឡះ រវាងការអះអាងរបស់បុគ្គលម្នាក់ដែលតាំងខ្លួនជាអ្នកវិនិយោគរងគ្រោះ និងចំណាត់ការស្រាវជ្រាវផ្លូវច្បាប់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានរកឃើញរឿងអាស្រូវនៃការឃុបឃិតលួចកែទិន្នន័យរដ្ឋ។
យោងតាមឯកសារពាក្យបណ្តឹងដែលបានដាក់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ លោក ឆឹង សឺហ្វីង (ជាជនជាតិចិនចូលសញ្ជាតិខ្មែរ) បានអះអាងថា លោកបានចំណាយប្រាក់ជាង ៨២ម៉ឺនដុល្លារអាមេរិក ទិញដីនេះពីឈ្មោះ ទឹង ចាន់ណា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលបានប្លង់រឹងស្របច្បាប់។ លោក ឆឹង សឺហ្វីង បានសម្តែងការខកចិត្ត និងចាត់ទុកថាជាភាពអយុត្តិធម៌ ក្រោយពេលក្រសួងរៀបចំដែនដី សម្រេចមោឃភាព (លុបចោល) ប្លង់រឹងរបស់លោក ហើយយកដីនោះទៅចុះបញ្ជីចេញប្លង់ថ្មីជូនលោកស្រី លឹម សូរីតា។ លោកបានលើកឡើងថា បញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងបរិយាកាសទាក់ទាញអ្នកវិនិយោគទុនបរទេសមកកាន់កម្ពុជា។
យ៉ាងណាមិញ ដើម្បីធានាបាននូវភាពអព្យាក្រឹត តម្លាភាព និងលាតត្រដាងការពិតជូនសាធារណជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើសេចក្តីប្រកាសព័ត៌មានបំភ្លឺផ្លូវការមកកាន់ គេហទំព័រ ASEAN DAILY ដោយបញ្ជាក់យ៉ាងច្បាស់ថា ករណីនេះគឺជា «អំពើទុច្ចរិត» សុទ្ធសាធ មិនមែនជាការបោកប្រាស់ពីសំណាក់រដ្ឋទៅលើអ្នកវិនិយោគឡើយ។
ផ្អែកតាមការស្រាវជ្រាវយ៉ាងល្អិតល្អន់របស់ក្រសួងបានរកឃើញថា ដីនេះត្រូវបានម្ចាស់ដើម (ឈ្មោះ ទឹង ចាន់ណា) លក់យ៉ាងត្រឹមត្រូវទៅឱ្យលោកស្រី លឹម សូរីតា តាំងពីខែកក្កដា ឆ្នាំ២០២៣ មកម្ល៉េះ។ ប៉ុន្តែក្រោយមក ឈ្មោះ ទឹង ចាន់ណា នេះហើយ ដែលបានគប់គិតគ្នាជាមួយលោក ឆឹង សឺហ្វីង ព្រមទាំងមន្ត្រីសុរិយោដីខិលខូច លួចចូលទៅកែទិន្នន័យក្បាលដីក្នុងប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋ ដើម្បីប្តូរឈ្មោះម្ចាស់កម្មសិទ្ធិ។ ដូច្នេះ ប្លង់រឹងដែលមន្ទីរខេត្តចេញឱ្យលោក ឆឹង សឺហ្វីង កន្លងមក គឺជាឯកសារដែលកើតចេញពីការឃុបឃិតទុច្ចរិតបំពានច្បាប់ទាំងស្រុង។
ជាចំណាត់ការ ក្រសួងរៀបចំដែនដីមិនត្រឹមតែលុបចោលប្លង់ទុច្ចរិតនោះទេ តែថែមទាំងបានចាត់វិធានការវិន័យក្តៅគគុក ដោយបានលុបឈ្មោះមន្ត្រីសុរិយោដីខេត្តកំពង់ស្ពឺ ០១រូបចេញពីក្របខ័ណ្ឌក្រសួង ស្នើបណ្តេញមន្ត្រីសាលាស្រុក ០១រូប ផ្លាស់ប្តូរកន្លែងមន្ត្រី ០២រូប និងដាក់មន្ត្រីពាក់ព័ន្ធដទៃទៀតឱ្យស្ថិតក្រោមការតាមដាន។
ការសង្កេត និងទស្សនៈវិភាគពីអង្គភាពសារព័ត៌មាន ASEAN DAILY៖
ការសម្អាតផ្ទៃក្នុងដោយកាត់កាលមន្ត្រីខិលខូចចេញពីក្របខ័ណ្ឌរបស់ក្រសួងរៀបចំដែនដី គឺជារឿងដែលគួរឱ្យស្ងើចសរសើរ និងគាំទ្រយ៉ាងពេញទំហឹង។ ប៉ុន្តែ សំណួរដ៏ធំមួយដែលមហាជន និងអ្នកវិនិយោគទូទៅកំពុងចោទសួរនោះគឺ៖ «តើការឃុបឃិតបន្លំឯកសារសាធារណៈរបស់រដ្ឋ គួរត្រូវបានបញ្ចប់ត្រឹមការដកតំណែង និងបញ្ឈរជើងមន្ត្រីប៉ុណ្ណឹងឬ?»
ការព្រួយបារម្ភរបស់វិនិយោគិនបរទេស គឺជារឿងដែលថ្នាក់ដឹកនាំគួរយកចិត្តទុកដាក់។ បរិយាកាសវិនិយោគនៅកម្ពុជា នឹងធ្លាក់ចុះនូវទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមន្ត្រីទុច្ចរិត ដែលពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ ត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ព្រហ្មទណ្ឌ ត្រឹមតែការប្តូរទីតាំងបម្រើការងារ។ ទង្វើនេះ មិនមែនជាការដាក់ទោសនោះទេ តែវាប្រៀបបាននឹងការបើកដៃ ឬលើកទឹកចិត្តឱ្យមន្ត្រីខិលខូចដទៃទៀត ហ៊ានប្រព្រឹត្តអំពើពុករលួយបន្តទៀត ព្រោះហានិភ័យធំបំផុតរបស់ពួកគេគឺត្រឹមតែ «អត់ការងារធ្វើ» ប៉ុណ្ណោះ។
ក្នុងនាមជាស្ថាប័នសារព័ត៌មានដែលឈរលើគោលការណ៍លើកស្ទួយនីតិរដ្ឋ យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ មេត្តាបើកការស៊ើបអង្កេតរួមគ្នា ដើម្បីអូសកមន្ត្រីខិលខូច ព្រមទាំងបុគ្គលពាក់ព័ន្ធក្នុងការផ្តើមគំនិតសូកប៉ាន់កែទិន្នន័យរដ្ឋទាំងអស់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង។
មានតែការវះកាត់ និងយកមន្ត្រីពុករលួយទៅដាក់ទោសទណ្ឌតាមច្បាប់ព្រហ្មទណ្ឌប៉ុណ្ណោះ ទើបជាការលាងសម្អាតភាពស្មោកគ្រោកបានពិតប្រាកដ និងជាការផ្ញើសារយ៉ាងរឹងមាំទៅកាន់ពិភពលោកថា៖ «កម្ពុជាស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគស្របច្បាប់ តែមិនអត់ឱនឱ្យដាច់ខាតចំពោះមន្ត្រីពុករលួយ និងជនទុច្ចរិតដែលបំផ្លាញកិត្តិយសជាតិ និងសន្តិសុខសង្គម»។
ដោយ:សៅ វាសនា (HarryVS)





















