ការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ជាការអនុវត្តអភិក្រម «ពង្រឹង ជាជាងពង្រីក និងរៀបចំផ្ទះឱ្យរៀបរយ» ដោយ រក្សាទ្រង់ទ្រាយ ពង្រឹងភាពមុតស្រួច និងតម្កល់ប្រសិទ្ធភាពជាធំ

(ខេត្តក្រចេះ)​៖ “រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ គ្មានគោលការណ៍បង្រួម ឬពង្រីកចំនួនក្រសួង-ស្ថាប័នថ្នាក់ជាតិនោះឡើយ។ ផ្ទុយទៅវិញ យុទ្ធសាស្ត្រស្នូលនៅពេលនេះ គឺការពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យក្លាយជាយន្តការបម្រើសេវាសាធារណៈដ៏មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបំផុត។” នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងចេញពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែ ក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

«ម៉ោងនេះអត់និយាយរឿងបង្រួមក្រសួង ពង្រីកក្រសួង យើងនិយាយថែរក្សាអ្វីដែលមានពង្រឹងអ្វីដែលមានស្រាប់ផ្ទៃក្នុង អាចកែសម្រួលអគ្គនាយកដ្ឋានមួយចំនួន ប៉ុន្ដែក្រសួងនៅដដែល […] មានការបញ្ចេញមតិច្រើនលើបញ្ហានេះ ប៉ុន្ដែមិនមានអ្នកខុស មិនមានអ្នកត្រូវ សុទ្ធតែមានមូលដ្ឋានទាំងអស់ ប៉ុន្ដែសម្រាប់កម្ពុជា ត្រូវយកអ្វីដែលល្អបំផុតក្នុងជំហាននីមួយៗ។ ក្នុងដំណាក់កាលនេះ កែទម្រង់ប្រសិទ្ធភាព ប្រសិទ្ធផល គឺរក្សាចំនួនក្រសួងដដែល ពង្រឹងក្រសួងនីមួយៗ តាមការវិភាគមុខងារ»។

ខណៈប្រទេសមួយចំនួនជ្រើសរើសការបង្រួម ឬពង្រីកដើម្បីដោះស្រាយបញ្ហានយោបាយ កម្ពុជាជ្រើសរើសផ្លូវ ដែលស្របទៅនឹងបរិបទ និងតថភាពសង្គមរបស់ខ្លួន។ ទិសដៅកំណែទម្រង់របស់កម្ពុជា គឺឈរលើគោលការណ៍តម្កល់ប្រសិទ្ធភាពជាធំ តាមរយៈការធ្វើវិភាគមុខងារយ៉ាងស៊ីជម្រៅ ដោយផ្តោតជាសំខាន់លើសសរស្តម្ភបីរួមមាន៖ ការពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធការងារ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។

ឈរលើស្មារតីនេះ ទោះបីជារក្សាចំនួនក្រសួងឱ្យនៅដដែលក្តី ក៏រដ្ឋបាលសាធារណៈកម្ពុជាមិនមែនស្ថិតក្នុងភាពនៅទ្រឹងនោះដែរ។ រាជរដ្ឋាភិបាលមានភាពបត់បែនខ្ពស់ ក្នុងការ កែសម្រួលកោសិកាផ្ទៃក្នុង ដើម្បីកាត់បន្ថយភាពជាន់គ្នានៃការអនុវត្តមុខងារ និងឆ្លើយតបឱ្យទាន់ការវិវឌ្ឍរហ័សនៃសង្គម។ តាមរយៈមគ្គុទ្ទេសក៍នៃការកែទម្រង់ដ៏ច្បាស់លាស់នេះ ប្រមុខរាជរដ្ឋាភិបាលបានផ្ញើសាររំដោះក្តីកង្វល់ និងលើកទឹកចិត្តយ៉ាងកក់ក្តៅដល់មន្ត្រីរាជការនៅតាមគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ឱ្យបោះបង់ចោលនូវក្តីបារម្ភរឿងការកាត់រំលាយស្ថាប័ន ហើយងាកមកផ្តោតស្មារតីឱ្យបានពេញលេញ ក្នុងការបំពេញភារកិច្ច ពង្រឹងសមត្ថភាព និងរួមគ្នាធ្វើឱ្យកោសិការដ្ឋបាលដែលមានស្រាប់ កាន់តែមានភាពរស់រវើក និងបម្រើប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ៕

 

ផ្សាយ​:ថ្ងៃទី​២៥ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង