ទីតាំងសង្ស័យបង្កប់ល្បែងភ្នាល់អនឡាញខុសច្បាប់ និងកន្ទុយលេខ ត្រូវបានបែកធ្លាយទិន្នន័យនៅក្រុងបាវិត ខេត្តស្វាយរៀង!ល្បែងស៊ីសងគឺជាដើមចមនៃបទល្មើសផ្សេងៗ។ អង្គភាពយើងខ្ញុំបានចុះស្រាវជ្រាវ និងរកឃើញទីតាំងសង្ស័យមួយចំនួន ដែលទាមទារឱ្យមន្ត្រីជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះផ្ទៀងផ្ទាត់ និងអនុវត្តច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងដោយគ្មានការលើកលែង។

[ព័ត៌មានស៊ើបអង្កេត] ៖ ទីតាំងសង្ស័យបង្កប់ល្បែងភ្នាល់អនឡាញខុសច្បាប់ និងកន្ទុយលេខ ត្រូវបានបែកធ្លាយទិន្នន័យនៅក្រុងបាវិត ខេត្តស្វាយរៀង!
ល្បែងស៊ីសងគឺជាដើមចមនៃបទល្មើសផ្សេងៗ។ អង្គភាពយើងខ្ញុំបានចុះស្រាវជ្រាវ និងរកឃើញទីតាំងសង្ស័យមួយចំនួន ដែលទាមទារឱ្យមន្ត្រីជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះផ្ទៀងផ្ទាត់ និងអនុវត្តច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងដោយគ្មានការលើកលែង។
(ខេត្តស្វាយរៀង)៖ ស្នើសមត្ថកិច្ចជំនាញបើកការស៊ើបអង្កេតលើប្រព័ន្ធល្បែងភ្នាល់អនឡាញខុសច្បាប់ V38, ឆ្នោត TC និងល្បែងកន្ទុយលេខ (Vietnam/Ting Nam) នៅក្រុងបាវិត និងខេត្តស្វាយរៀង (វគ្គ១)
ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
តាមការស្រាវជ្រាវ និងចុះពិនិត្យជាក់ស្តែងរបស់អ្នកសារព័ត៌មាន បានទទួល និងពិនិត្យឃើញទិន្នន័យមួយចំនួននៅក្នុងគេហទំព័រ និងប្រព័ន្ធអនឡាញឈ្មោះ V38 ដែលត្រូវបានរាយការណ៍ថា មានសកម្មភាពពាក់ព័ន្ធនឹង បទល្មើសល្បែងស៊ីសងខុសច្បាប់ ដូចជា ការភ្នាល់មាន់ជល់អនឡាញ ល្បែងកន្ទុយលេខ (ឆ្នោត TC និងឆ្នោតវៀតណាម/Ting Nam) ព្រមទាំងប្រភេទល្បែងភ្នាល់តាមប្រព័ន្ធអេឡិចត្រូនិកជាច្រើនប្រភេទផ្សេងទៀត។
ទិន្នន័យនៃប្រព័ន្ធដែលអ្នកសារព័ត៌មានទទួលបាន រួមមានព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការភ្នាល់ និងទិន្នន័យគណនីអ្នកប្រើប្រាស់ គឺជាតម្រុយ និងជាមូលដ្ឋានដ៏សំខាន់ ដែលតម្រូវឱ្យសមត្ថកិច្ចជំនាញផ្នែកបទល្មើសបច្ចេកវិទ្យាចុះពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែម ដើម្បីវែកមុខរកប្រភពដើម អ្នកគ្រប់គ្រងប្រព័ន្ធ និងបញ្ជាក់ពីភាពខុសច្បាប់នៃសកម្មភាពទាំងនេះ។
ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានបានចុះពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ផ្លូវបេតុង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទីតាំងសង្ស័យមួយចំនួនទៀត។ ទីតាំងទាំងនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា មានការរៀបចំជាអគារសម្រាប់បុគ្គលិកស្នាក់នៅ និងបម្រើការងារពាក់ព័ន្ធនឹងការកត់ត្រា ឆែកលេខ និងបូកសរុបបញ្ជីស្នាម (បញ្ជីកត់ឆ្នោតកន្ទុយលេខ)។ ករណីនេះ គួរត្រូវបានសមត្ថកិច្ចជំនាញចុះស៊ើបអង្កេត និងចុះពិនិត្យផ្ទាល់ ដើម្បីស្វែងរកការពិត។
តាមការអះអាងរបស់ប្រភព អង្គភាពសារព័ត៌មានបានរាយការណ៍ព័ត៌មានបឋមខាងលើជូន អធិការដ្ឋាននគរបាលក្រុងបាវិត តាមរយៈលេខទូរសព្ទប្រចាំបញ្ជា ហើយទទួលបានការឆ្លើយតបថា នឹងចាត់មន្ត្រីជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះពិនិត្យទីតាំងពាក់ព័ន្ធនោះ។
ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាននៅមិនទាន់ទទួលបានលទ្ធផល ឬរបាយការណ៍ផ្លូវការបញ្ជាក់អំពីការចុះពិនិត្យពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។ បន្ថែមលើនេះ អ្នកសារព័ត៌មានក៏បានព្យាយាមទំនាក់ទំនងទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរយៈលេខទូរសព្ទទំនាក់ទំនងដែលបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែពុំអាចតភ្ជាប់ទំនាក់ទំនងបាន។
យោងតាម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង នៃព្រះរាជាណាចក្រកម្ពុជា រាល់សកម្មភាពបើកឱ្យលេង ធ្វើជាមេកន្ទុយលេខ ភ្នាក់ងារកត់ឆ្នោត ឬការរៀបចំល្បែងភ្នាល់តាមប្រព័ន្ធអនឡាញដោយគ្មានការអនុញ្ញាត គឺជាបទល្មើសព្រហ្មទណ្ឌ។ នីតិវិធីច្បាប់ក្នុងការបង្ក្រាបបទល្មើសនេះ ទាមទារឱ្យមានការស៊ើបអង្កេតប្រមូលភស្តុតាង ការស្នើសុំគោលការណ៍ពីស្ថាប័នអយ្យការ ដើម្បីចុះឆែកឆេរទីតាំង រឹបអូសវត្ថុតាង (ដូចជា បញ្ជីកត់ឆ្នោត កុំព្យូទ័រ លុយកាក់ និងសម្ភារបម្រើឱ្យល្បែងស៊ីសង) រួមទាំងការឃាត់ខ្លួនជនសង្ស័យ ឬមេក្លោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។
ដោយសារតែបញ្ហានេះ អង្គភាពសារព័ត៌មានសូមស្នើដល់ សមត្ថកិច្ចជំនាញ មន្ត្រីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នអយ្យការ មេត្តាចុះស្រាវជ្រាវ និងបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅលើប្រព័ន្ធគេហទំព័រ និងបណ្តាញល្បែងខាងលើ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់អំពី៖
អត្តសញ្ញាណអ្នកគ្រប់គ្រង និងមេក្លោងនៅពីក្រោយប្រព័ន្ធទាំងនេះទីតាំងពិតប្រាកដដែលប្រព័ន្ធត្រូវបានប្រតិបត្តិការ
ប្រភព និងលំហូរនៃប្រព័ន្ធទទួល-បង់ប្រាក់បណ្តាញគណនី និងអ្នកប្រើប្រាស់ពាក់ព័ន្ធទំនាក់ទំនងរវាងប្រព័ន្ធអនឡាញ និងទីតាំងប្រតិបត្តិការជាក់ស្តែងនៅមូលដ្ឋានការអនុវត្តវិធានការច្បាប់ចំពោះសកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ។
ប្រសិនបើការស៊ើបអង្កេតរបស់សមត្ថកិច្ចរកឃើញថា ពិតជាមានសកម្មភាពល្បែងស៊ីសងកន្ទុយលេខ និងភ្នាល់អនឡាញខុសច្បាប់ប្រាកដមែន សូមមេត្តាចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់តាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង។
ជុំវិញព័ត៌មាននេះ ក្នុងគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន អ្នកសារព័ត៌មានក៏បានព្យាយាមស្នើសុំការបំភ្លឺពីលោកស្រី កែវ ណារី តាមរយៈបណ្តាញសង្គម Telegram និងលេខទូរសព្ទដែលមាន ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ ចំណែកឯបុគ្គលដែលត្រូវបានប្រភពលើកឡើងថាមានឈ្មោះ ជ្រុយ និង វិត អង្គភាពសារព័ត៌មានមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយ ដោយសារពុំមានលេខទូរសព្ទទំនាក់ទំនងរបស់បុគ្គលទាំងពីរ។
អង្គភាពសារព័ត៌មានសូមបញ្ជាក់ថា ខ្លឹមសារព័ត៌មានខាងលើនេះ គឺជាលទ្ធផលនៃការចុះស្រាវជ្រាវ ការពិនិត្យទិន្នន័យ និងការប្រមូលព័ត៌មានពីប្រភពនានា។ រាល់ចំណុចសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ទាមទារឱ្យមានការផ្ទៀងផ្ទាត់ ស៊ើបអង្កេត និងបញ្ជាក់ជាផ្លូវការពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
អាស្រ័យហេតុនេះ អង្គភាពសារព័ត៌មានសូមស្នើឱ្យមន្ត្រីជំនាញចុះពិនិត្យ និងស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ព្រមទាំងផ្តល់ការឆ្លើយតប ឬសេចក្តីប្រកាសព័ត៌មានជាសាធារណៈតាមការគួរ ដើម្បីបង្ហាញពីតម្លាភាព និងបញ្ជាក់ការពិតជូនសាធារណជន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋាន។
ក្រមសីលធម៌សារព័ត៌មាន ៖ អង្គភាពយើងខ្ញុំនៅតែបើកទ្វារស្វាគមន៍ជានិច្ច ក្នុងការរង់ចាំការបំភ្លឺពីលោកស្រី កែវ ណារី លោក ជ្រុយ លោក វិត និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការផ្សព្វផ្សាយព័ត៌មានមានភាពគ្រប់ជ្រុងជ្រោយ តម្លាភាព និងធានាបាននូវសិទ្ធិឆ្លើយតបរបស់គ្រប់ភាគី ស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ផ្សាយ:ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)










