ឯកឧត្តម លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធានអនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសារចំនួន ០៧គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅភូមិគៀនឃ្លាំង រាជធានីភ្នំពេញ

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក លីម សុភា អភិបាលខណ្ឌ និងជាប្រធានអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសារចំនួន ០៧គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏សោកសង្រេងនោះផងដែរ ឯកឧត្តម លីម សុភា ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយជាពន់ពេកចំពោះហេតុការណ៍អគ្គីភ័យដែលបានឆាបឆេះបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់បងប្អូនក្នុងមូលដ្ឋាន ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់ស្រទាប់វណ្ណ:ដោយមិនប្រកាន់និន្នាការនយោបាយ។
ឯកឧត្តម ក៏បានបន្ថែមទៀតថា ទោះក្នុងកាល:ទេស:ណាក៏ដោយ ក្នុងនាមជាអជ្ញាធរ និងជាប្រធានអនុសាខាមិនទុកអោយបងប្អូនជួបការលំបាកនោះទេ ទោះបីជាអំណោយមនុស្សធម៌នៅពេលនេះតិចតួចក៏មែន តែនេះឆ្លុះបញ្ចាំងពីស្មារតីនៃការ លះបង់ និងការយកចិត្តទុកដាក់ចំពោះ បងប្អូនរងគ្រោះ ដោយគ្មានការរើសអើង និងជួយសម្រាលបន្ទុកជីវភាព និងដោះស្រាយការ ខ្វះខាតជាបន្ទាន់របស់ជនរងគ្រោះ បានមួយគ្រា។
លេីសពីនេះ ឯកឧត្តម លីម សុភា ក៏បានណែនាំអោយបងប្អូនក្នុងមូលដ្ឋានទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះបញ្ហាអគ្គីភ័យ ក្នុងនោះអំណោយដែលបាននាំយកមកចែកជូនបងប្អូនរួមមាន ថវិកា អង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ មួយចំនួនផ្សេងៗទៀតផងដែរ។
ផ្សាយ:ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាលខណ្ឌជ្រោយចង្វារ














