តុលាការខេត្តស្វាយរៀង ចេញដីកាឃុំខ្លួនបុរសម្នាក់ពីបទ “សមគំនិតក្នុងបទជំរិតទារប្រាក់” បញ្ជូនទៅពន្ធនាគារខេត្ត

(ខេត្តស្វាយរៀង)៖ ជនត្រូវចោទម្នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឱ្យឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារខេត្តស្វាយរៀងជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “សមគំនិតក្នុងបទជំរិតទារប្រាក់” ដែលបានប្រព្រឹត្តនៅភូមិសាស្ត្រខេត្តស្វាយរៀង។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៦៧៧៣ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ចេញដោយលោក យៀង សុមុនីនាថ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់យ៉ាងលម្អិតឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ សុខ ធន់ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ កម្រិតវប្បធម៌ថ្នាក់ទី៣ និងមានមុខរបរមិនពិតប្រាកដ។ ជននេះមានទីកន្លែងកំណើតនៅភូមិវាល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង និងមានទីលំនៅមុនពេលឃុំខ្លួននៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ ជនត្រូវចោទមានឪពុកឈ្មោះ សុខ ហាក់ (ស្លាប់) ម្តាយឈ្មោះ អ៊ូច យ៉ាន (រស់) និងប្រពន្ធឈ្មោះ សួ សាវឿន (រស់) ព្រមទាំងមានកូនចំនួន ១នាក់ ជាអនីតិជន ហើយគ្មានប្រវត្តិនៃការផ្តន្ទាទោសពីមុនឡើយ។
ប្រភពពីដីកាដដែលបានបន្តថា ដោយបានផ្អែកលើមាត្រា ២០៦, ២១៩, ២២០, ២២១ និងមាត្រា ២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងយោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ ៧១៤ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៧៩៣ អ.យ.ឃ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ របស់តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, សំណុំរឿងស៊ើបសួរលេខ ៧២៩ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ និងដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលេខ ៦៧៧២ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ទើបតុលាការសម្រេចដាក់ជននេះឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ “សមគំនិតក្នុងបទជំរិតទារប្រាក់”។ បទល្មើសនេះត្រូវបានប្រព្រឹត្តនៅចំណុចខេត្តស្វាយរៀង កាលពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដែលជាបទល្មើសមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៩, មាត្រា ៣៦៣ និងមាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងដីកាបង្គាប់ឱ្យឃុំខ្លួននេះ លោកចៅក្រមស៊ើបសួរ បានចេញសេចក្តីបង្គាប់ចំនួន ៣ចំណុច យ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖
ទី១. ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ សុខ ធន់ ទៅពន្ធនាគារខេត្តស្វាយរៀង ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
ទី២. ឱ្យប្រធានពន្ធនាគារខេត្តស្វាយរៀង ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
ទី៣. ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។
បច្ចុប្បន្ន យោងតាមរូបភាពជាក់ស្តែង ជនត្រូវចោទឈ្មោះ សុខ ធន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅដល់ពន្ធនាគារខេត្តស្វាយរៀងរួចរាល់ហើយ ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្នរង់ចាំចំណាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
ផ្សាយ:ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
