សមិទ្ធផល «ស្ពានស្ទឹងឆ្វេង» លេចចេញជារូបរាង បញ្ចប់ការលំបាករបស់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកទាំងពីរ នៃខេត្តកំពង់ចាម

អបអរសាទរសមិទ្ធផលស្ពានថ្មី ស្ពានស្ទឹងឆ្វេង!
(ខេត្តកំពង់ចាម)៖ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងមូលដ្ឋាន ពិតជាមានសេចក្តីត្រេកអរ និងសាទរយ៉ាងខ្លាំងរហូតរកទីបំផុតគ្មាន ចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាងមួយ ដែលបាននឹងកំពុងលេចចេញជារូបរាងឡើង នោះគឺ «ស្ពានស្ទឹងឆ្វេង»។
យើងនៅចាំបានថា ពីមុនមកនៅទីតាំងនេះពុំមានស្ពានសម្រាប់ឆ្លងកាត់បែបនេះឡើយ ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ដែលត្រូវឆ្លងទឹកទៅសាលារៀន។ រឹតតែលំបាក និងគួរឱ្យព្រួយបារម្ភបំផុតនោះ គឺនៅរដូវទឹកឡើងម្តងៗ ការធ្វើដំណើរត្រូវប្រឈមនឹងហានិភ័យខ្ពស់ និងលំបាកវេទនាជាទីបំផុត ប៉ុន្តែពេលនេះ ទុក្ខលំបាក និងក្តីកង្វល់ទាំងនោះ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរហើយ!។
យោងតាមព័ត៌មានពី មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សមិទ្ធផលស្ពានថ្មីនេះមានទំហំធំទូលាយ ដោយមានប្រវែងរហូតដល់ ៨៤ម៉ែត្រ និងទទឹង ១០ម៉ែត្រ (គម្រោងឆ្នាំ២០២៥-២០២៦) ក្រោមប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ភូមិសាស្ត្ររវាង ឃុំច្បារអំពៅ ស្រុកបាធាយ និង ឃុំព្រែកកុយ ស្រុកកងមាស ដែលក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ក្នុងនាមប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់យ៉ាងក្រៃលែងចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ទោះជាកិច្ចការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ឬការផ្តល់សេវារដ្ឋបាលផ្សេងៗក្តី ឯកឧត្តមតែងតែចុះពិនិត្យ និងជំរុញការអនុវត្តជាប់ជាប្រចាំ។ ជាក់ស្តែង ក្រោមការដឹកនាំរបស់ឯកឧត្តម រដ្ឋបាលខេត្តកំពង់ចាមទទួលបានចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា លើការផ្តល់សេវារដ្ឋបាលដីធ្លី ដែលសបញ្ជាក់ឱ្យឃើញពីឆន្ទៈក្នុងការបម្រើពលរដ្ឋពិតប្រាកដ។
ជាមួយគ្នានេះដែរ ក៏សូមថ្លែងអំណរគុណដល់ លោកអភិបាល នៃគណៈអភិបាលស្រុកបាធាយ និង លោកអភិបាល នៃគណៈអភិបាលស្រុកកងមាស ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសម្របសម្រួល និងយកចិត្តទុកដាក់រហូតគម្រោងដ៏មានសារៈសំខាន់នេះ អាចលេចចេញជារូបរាងឡើង ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល។
ផ្សាយ:ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)




