រដ្ឋបាលខេត្តព្រះសីហនុ និង ក្រសួងទេសចរណ៍ រួមគ្នាបេីកយុទ្ធនាការសម្អាតឆ្នេរក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាព ទេសចរណ៍ សហគមន៍រឹងមាំ»

(ខេត្តព្រះសីហនុ):រដ្ឋបាលខេត្តព្រះសីហនុ រួមសហការជាមួយក្រសួងទេសចរណ៍ បានរៀបចំយុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាព ទេសចរណ៍ សហគមន៍រឹងមាំ» ថ្លែងក្នុងឨកាសដ៏សំខាន់ និង ប្រកបដោយអត្ថន័យ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា នេះជាយុទ្ធនាការលើកទី៣ ហើយដែលក្រសួង ទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាល ថ្នាក់ក្រោមជាតិ និងអង្គការ UNDP លើកទី១ នៅរាជធានីភ្នំពេញ លើកទី២ ខេត្តសៀមរាប និងលើកទី៣ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលផ្លែផ្កាជាច្រើនដែលកើតចេញពីការ ដឹកនាំរបស់គណៈអភិបាលខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់ ព្រមទាំងសូមអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវ ទេសចរទាំងអស់ ចូលរួមថែរក្សា និងរួមគ្នាសម្អាតឆ្នេរ សមុទ្ររបស់យើងឱ្យបានស្អាត មានអនាម័យ និង សោភ័ណភាពបរិស្ថាន ក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តជាប់តំបន់ឆ្នេរនាទិសនិរតីឱ្យកាន់តែច្រើន ប៉ុន្តែប្រសិនបើឆ្នេរពោពេញដោយបរិស្ថានមិនល្អ នោះគេនឹងមិនវិលមកទស្សនាកម្សាន្តនោះទេ ដូច្នេះការសំអាតបរិស្ថានស្អាតជាប្រចាំគឺជា ភារកិច្ចរបស់យើងគ្រប់ៗគ្នា។
ដោយឡែក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា យុទ្ធនាការសម្អាតឆ្នេរនាថ្ងៃនេះ មិនត្រឹមតែជាសកម្មភាព ប្រមូលសំរាមប៉ុណ្ណោះទេ ប៉ុន្តែជាសារផ្លាស់ប្តូរឥរិយាបថ និងជាគោលបំណងយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ការ ថែរក្សាសក្តានុពលធនធានធម្មជាតិ និងសេវាកម្ម ទេសចរណ៍ ព្រមទាំងជំរុញការផ្សព្វផ្សាយតំបន់ឆ្នេរឱ្យ កាន់តែមានភាពទាក់ទាញ ក្នុងនោះ នៅដើមឆ្នាំ២០២៦ នេះ ខេត្តព្រះសីហនុទទួលបានជ័យលាភី និងពានរង្វាន់ ស្តង់ដាអាស៊ាន រួមមាន៖ ពានរង្វាន់ទីក្រុងស្អាតអាស៊ាន (ASEAN Clean Tourist City), ពានរង្វាន់ MICE Venue, ពានរង្វាន់ទីក្រុងប្រកបដោយចីរភាព អាស៊ាន (ASTA Urban Category) ពិសេសឆ្នេរ សមុទ្រកោះរ៉ុង ត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ៩ ជាឆ្នេរស្អាតបំផុតរបស់ពិភពលោក ជោគជ័យទាំងនេះជាផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំ បន្ថែមដូចជា:
១. សូមបន្តយកចិត្តទុកដាក់បែងចែក និងប្រមូល សំណល់ឱ្យបានត្រឹមត្រូវ ចូលរួមថែរក្សាអនាម័យបរិស្ថាន ឆ្នេរឱ្យបានស្អាតជានិច្ច។
២. ចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត ឆ្នេរស្អាត និងព្រែកស្អាត ដើម្បីប្រែក្លាយ ខេត្តព្រះសីហនុឱ្យទៅជាគោលដៅទេសចរណ៍តំបន់ឆ្នេរ បៃតង ឆ្លាតវៃ និងផ្តល់បទពិសោធន៍សម្រាកលំហែកាយ ដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថាយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយបញ្ជាបការយល់ដឹង និងការចូលរួមរបស់ ប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យ សោភ័ណភាពឆ្នេរ និងផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់ទុកវិស័យទេសចរណ៍ជា“មាសបៃតង” និងជាវិស័យអាទិភាពដ៏សំខាន់ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ ព្រមទាំងអភិរក្សសម្បត្តិ វប្បធម៌ និងធនធានធម្មជាតិ។
យុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាព ទេសចរណ៍ សហគមន៍រឹងមាំ» ត្រូវបានរៀបចំឡេីងនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯក ឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពី លោក Enrico តំណាងកម្មវិធីអភិវឌ្ឍន៍ (UNDP) ប្រចាំកម្ពុជា មន្ទីរ ស្ថាប័នជំនាញពាក់ព័ន្ធ សិស្សានុសិស្សា រួមទាំងមន្ត្រីចំណុះរដ្ឋបានខេត្តយ៉ាងច្រេីនកុះករ។
ផ្សាយ:ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)













