រដ្ឋមន្ត្រីក្រសួងព័ត៌មានណែនាំមន្ទីរព័ត៌មាន រាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាព ព័ត៌មានជាប្រចាំពង្រឹងគុណភាព និងក្រមសីលធម៌ វិជ្ជាជីវៈ និងត្រូវការពារសុចរិតភាព និងភាព ជឿជាក់នៃព័ត៌មាន

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង អស់ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ ពង្រឹងគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃ ព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យទាន់ពេលវេលា មានប្រភពច្បាស់លាស់ និងផ្តល់នូវទំនុកចិត្តរបស់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ ចំពោះប្រព័ន្ធព័ត៌មានរបស់រដ្ឋ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រ រួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ក្រោមអធិបតីភាព​ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ និងការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង​ទាំងពីរ អ្នកនាំពាក្យក្រសួង-ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាង រដ្ឋបាលរាជធានី-ខេត្ត សមាគមអ្នកសារព័ត៌មាន សមាគម ទូរទស្សន៍ និងសមាគមវិទ្យុ។។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គេហទំព័រមិនអាចក្លាយជា ប្រភពព័ត៌មានដែលមានប្រយោជន៍បានទេ ប្រសិនបើព័ត៍មាននៅលើ គេហទំព័រមិនត្រូវបានធ្វើបច្ចុប្បន្នភាព។ ដូច្នេះ ត្រូវធានាថាព័ត៌មាន អំពីសកម្មភាពរបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច សេវាសាធារណៈ និងសកម្មភាពសំខាន់ៗនៅក្នុង មូលដ្ឋាន ត្រូវបានផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និង ងាយស្រួលសម្រាប់ប្រជាពលរដ្ឋស្វែងរក។ ឯកឧត្តមបានថ្លែងថា យើងត្រូវផលិតមាតិកាឌីជីថលដែលមានភាពទាក់ទាញ ងាយអាន ងាយយល់ ងាយចែករំលែក និងសមស្របទៅនឹងរបៀបប្រើប្រាស់ ព័ត៌មានរបស់ប្រជាពលរដ្ឋសម័យឌីជីថល។ ប៉ុន្តែ ភាពទាក់ទាញ មិនត្រូវមកជំនួសភាពត្រឹមត្រូវនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ បន្ថែមថា៖ «យើងត្រូវចងចាំជានិច្ចថា ព័ត៌មានដែលលឿន ប៉ុន្តែមិន ត្រឹមត្រូវ គឺមិនអាចបង្កើតទំនុកចិត្តបានឡើយ។ ហេតុនេះ ការផលិត មាតិកាឌីជីថលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ការផ្ទៀងផ្ទាត់ ប្រភព និងការទទួលខុសត្រូវចំពោះសាធារណជន»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា ក្នុងបរិយាកាស ព័ត៌មានដែលមានការរីករាលដាលយ៉ាងឆាប់រហ័ស យើងត្រូវបង្កើន សមត្ថភាពក្នុងការផ្តល់ព័ត៌មានពិត ព័ត៌មានច្បាស់លាស់ និងព័ត៌មាន ដែលអាចផ្ទៀងផ្ទាត់បាន។ ឯកឧត្តមបានបន្តថា ថ្ពាលផ្លូវការទាំង២៥ ត្រូវក្លាយជាប្រភពសម្រាប់សាធារណជនក្នុងការស្វែងរកការពិត និងផ្ទៀងផ្ទាត់ព័ត៌មានដែលពួកគេបានឃើញនៅលើថ្ពាលផ្សេងៗ។ ឯកឧត្តមបានបន្ថែមថា៖ «យើងត្រូវឱ្យប្រជាពលរដ្ឋដឹងថា នៅពេល ពួកគាត់ចង់ស្វែងរកព័ត៌មានផ្លូវការ ពួកគាត់មានប្រភពដែលអាច ពឹងផ្អែកបាន។ នេះជាការកសាងទំនុកចិត្តរបស់សាធារណជនចំពោះ ប្រព័ន្ឋព័ត៌មានរបស់រដ្ឋ»។

បើតាមឯកឧត្តម នេត្រ ភក្ត្រា ការសម្ពោធគេហទំព័រទាំង ២៥ នៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់ទេ វាគឺជាចំណុចចាប់ផ្តើមនៃ ដំណើរថ្មីមួយ ហើយក្រសួងព័ត៍មាននឹងបន្តពង្រឹងសមត្ថភាពមន្ត្រី ព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើជំនាញសារព័ត៌មាន ឌីជីថល ការផលិតមាតិកាពហុប្រព័ន្ឋ ការគ្រប់គ្រងថ្ពាលឌីជីថល និង ជំនាញថ្មីៗដែលចាំបាច់សម្រាប់សម័យបច្ចេកវិទ្យា។ ឯកឧត្តមបាន បញ្ជាក់ផងដែរថា៖ «យើងក៏នឹងបន្តសិក្សា និងជំរុញការប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យស្របតាមតម្រូវការការងារ និង មានការទទួលខុសត្រូវ ដើម្បីជួយបង្កើនប្រសិទ្ធភាពក្នុងការផលិត និង គ្រប់គ្រងមាតិកា»។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា យើងនឹង បន្តពង្រឹងការតភ្ជាប់រវាងគេហទំព័រទាំង ២៥ ទៅកាន់ កម្មវិធីទូរស័ព្ទ MoINFO App ដើម្បីបង្កើតបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ដែលកាន់តែទំនើប សកម្ម ស៊ីសង្វាក់គ្នា និងអាចឆ្លើយតបបានលឿន ជាងមុន។ យើងចង់ឱ្យប្រព័ន្ធព័ត៍មានរបស់យើង មិនត្រឹមតែ «មាន វត្តមាននៅលើអ៊ីនធឺណិត» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ «មានប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៅក្នុងជីវិតប្រចាំថ្ងៃ»៕

 

ផ្សាយ​:ថ្ងៃទី​២១ ខែកញ្ញា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

📷​AKP

 

ព័ត៌មានដែលជាប់ទាក់ទង