លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់ ពាក់ព័ន្ធនឹងករណីលោក ឆុំ ដានី ចាងហ្វាងការផ្សាយគេហទំព័រ «កងមាស» ដែលរងបណ្ដឹង ហើយបានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅរបស់តំណាងអយ្យការ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

រាជធានីភ្នំពេញ ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ៖ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានតាមដាននិងអង្កេតយ៉ាងយកចិត្តទុកដាក់ ពាក់ព័ន្ធនឹងករណីលោក ឆុំ ដានី ចាងហ្វាងការផ្សាយគេហទំព័រ «កងមាស» ដែលរងបណ្ដឹង ហើយបានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅរបស់តំណាងអយ្យការ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
យោងតាមការតាមដានអង្កេតនេះ ដំណើរការសាកសួរតាមនីតិវិធីច្បាប់ជុំវិញបណ្ដឹងទាក់ទងនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថជាសាធារណៈ បានប្រព្រឹត្តទៅដោយរលូន។ ក្រោយបញ្ចប់ការចូលបំភ្លឺនៅវេលាម៉ោងប្រមាណ ១០ និង ១៨ នាទីព្រឹក លោកចាងហ្វាងការផ្សាយរូបនេះ បានចេញមកវិញជាធម្មតា ដោយមានកាន់ស្រោមសំបុត្រឯកសារ និងបានឈរផ្ដល់បទសម្ភាសន៍ដោយបើកចំហដល់ក្រុមអ្នកសារព័ត៌មានជាច្រើនរូប ដែលកំពុងរង់ចាំនៅខាងមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈការតាមដាននេះ លោក មីន ចាន់ធី បានកត់សម្គាល់ឃើញថា ក្រោយពីបញ្ចប់ការចូលបំភ្លឺ លោក ឆុំ ដានី បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ស្ថាប័នអយ្យការ។ លោក ឆុំ ដានី បានលើកឡើងយ៉ាងច្បាស់ៗប្រាប់អ្នកសារព័ត៌មានថា ព្រះរាជអាជ្ញាដែលបានសាកសួរលោក គឺជាមន្ត្រីដ៏ល្អ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់មែនទែន។ លើសពីនេះ ការសាកសួរបានប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានការប្រើប្រាស់ពាក្យពេចន៍ទន់ភ្លន់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈបំផុត ដែលធ្វើឱ្យលោកមានការពេញចិត្តជាខ្លាំងចំពោះទង្វើនេះ។
ជារួម ផ្អែកលើការអង្កេតនេះ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការចូលបំភ្លឺនេះ ដែលបានបញ្ចប់ទៅដោយតម្លាភាព។ ការដែលលោក ឆុំ ដានី បានវិលត្រឡប់មកវិញជាធម្មតា ព្រមទាំងបានបង្ហាញនូវការគោរព និងស្ងើចសរសើរយ៉ាងពេញទំហឹងចំពោះមន្ត្រីតុលាការ គឺជាគំរូដ៏ល្អមួយនៃការផ្ដល់កិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន និងស្ថាប័នអនុវត្តច្បាប់។
ផ្សាយ:ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)






