សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០​ ដែលមានប្រវែង​សរុប​ ១៩៨,៥១៨គីឡូម៉ែត្រ​


(ខេត្តពោធិ៍សាត់)​៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បានអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០​ក្នុងភូមិ​សាស្រ្ត​ខេត្ត​ពោធិ៍សាត់​ ដែលមានការអញ្ជើញចូលរួមពី លោក ជាំង ណាន (Mr. JIANG Nan) ភារធារី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួង និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ផ្លូវជាតិលេខ១០ មានប្រវែង​សរុប១៩៨,៥១៨គីឡូម៉ែត្រត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីប្រើប្រាស់រយៈពេលសាងសង់ ៦៦ខែ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥៧-៧ ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដោយសាងសង់ជាប្រភេទផ្លូវ DBST មានគន្លងរថយន្ត ២គន្លងទៅមក។

ផ្លូវជាតិលេខ១០ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលតភ្ជាប់ខេត្តចំនួន ៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង (តភ្ជាប់ពីភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា) ព្រមទាំងភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗមួយចំនួនទៀត។ ការតភ្ជាប់នេះបានកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរបានយ៉ាងច្រើន ដូចជាពីខេត្តបាត់ដំបងទៅខេត្តកោះកុងចំណេញ ៣០៦គីឡូម៉ែត្រ និងពីខេត្តប៉ៃលិនទៅខេត្តកោះកុងចំណេញ ៣៧២គីឡូម៉ែត្រ។ ខ្សែផ្លូវនេះបានបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុង សម្រួលដល់ការដឹកជញ្ជូនផលិតផលទំនិញ កសិកម្ម និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ។ លើសពីនេះ ផ្លូវជាតិលេខ១០ ក៏បានរួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍នៅតាមបណ្តោយផ្លូវ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១ ខែតុលា ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង