ឯកឧត្តម ឃួង ស្រេង​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”​

(ទីក្រុង​ហូជីមិញ​ វៀតណាម)​:នារសៀល​ថ្ងៃ​ទី៥ ខែតុលា​ ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។

គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម​នេះ​ នឹងមានការសាងសង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងបរិវេណ “សាលាមិត្តភាពកម្ពុជា-វៀតណាម” រួមមាន៖ ការសាងសង់បន្ទប់សិក្សាថ្មីចំនួន៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាបឋមសិក្សា និងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ បន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាអនុវិទ្យាល័យ រួមទាំងជួសជុលបន្ទប់រៀនដែលមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន ០១ ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។

គម្រោងសាងសង់អគារសិក្សានេះត្រូវបានចុះបឋមសិលាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិកា​រ​មជ្ឈិ​ម​ប​ក្ស​​កុម្មុយនី​ស្តវៀតណាម និងជាប្រធានរដ្ឋ​វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២៦ កន្លងមកនេះ។

 

ផ្សាយ​:ថ្ងៃទី​៦ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

ប្រភព​:រដ្ឋបាល​រាជធានី​ភ្នំពេញ

 

 

ព័ត៌មានដែលជាប់ទាក់ទង