សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបដិសេធ ដាច់ខាតមិនឱ្យមានការផលិតបារីអេឡិចត្រូនិក ឬ ការដាំកញ្ជានៅកម្ពុជា

(រាជធានីភ្នំពេញ): សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការហាមឃាត់ជាដាច់ខាត មិន អនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិក (Vape) ឬការ ដាំកញ្ជានៅក្នុងប្រទេសកម្ពុជានោះឡើយ ទោះបីជាការផលិត ឬការដាំដុះនោះធ្វើឡើងក្នុងគោលបំណងដើម្បីនាំចេញទៅក្រៅប្រទេស ឬ ប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ។
ការថ្លែងប្រកាសបែបនេះរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃ ការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន ០២ ខ្នង និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិតជ័យលាភី នៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី (OCIC) រាជធានីភ្នំពេញ។
សម្តេចធិបតី បានបញ្ជាក់ថា សម្តេចបានណែនាំរួចហើយទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម និង ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ មិនឱ្យទទួលយកគម្រោង វិនិយោគផលិតបារីអេឡិចត្រូនិក ឬ Vape ឡើយ ព្រោះសូម្បីតែ ការត្រួតពិនិត្យការនាំចូលនាពេលបច្ចុប្បន្នមានភាពស្មុគស្មាញ និង លំបាកគ្រប់គ្រងទៅហើយ ទម្រាំតែមានការអនុញ្ញាតឱ្យបង្កើត រោងចក្រផលិតនៅក្នុងស្រុកទៀតនោះ។
ទាក់ទងនឹងបញ្ហាកញ្ជា សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចមានគោលការណ៍ប្រឆាំងដាច់ខាតចំពោះការដាំកញ្ជា នៅកម្ពុជាតាំងពីមុនពេលសម្ដេចកាន់តំណែងជានាយករដ្ឋមន្ត្រីមក ម៉្លេះ។ ទោះបីជាមានការលួងលោម (Lobby) ឬមានសំណើវិនិយោគ ពីក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិន ដែលស្នើសុំឱ្យមានការធ្វើ វិសោធនកម្មច្បាប់ដើម្បីតម្រូវការនាំចេញទៅកាន់ប្រទេសផ្សេងៗ ដូចជាកាណាដាក៏ដោយ ក៏សម្តេចបានបដិសេធចោលទាំងអស់។
សម្តេចធិបតី បានបន្ថែមទៀតថា មូលហេតុចម្បងដែលមិនអនុញ្ញាត គឺដោយសារតែការគ្រប់គ្រងមិនអាចធ្វើទៅបានប្រសិទ្ធភាពនោះ ទេ ហើយប្រសិនបើអនុញ្ញាតឱ្យដាំដុះ នោះវានឹងជ្រាបចូលទៅកាន់ សង្គមជាតិ ហើយប្រជាពលរដ្ឋកម្ពុជានឹងរងផលប៉ះពាល់ដោយសារ ការជក់កញ្ជានេះ។ សម្តេចបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងអំពី បទពិសោធន៍របស់ប្រទេសជិតខាង ដែលធ្លាប់បានបើកទូលាយឱ្យ ប្រើប្រាស់កញ្ជាក្នុងគោលបំណងវេជ្ជសាស្ត្រ ប៉ុន្តែនៅទីបំផុតមិនអាច គ្រប់គ្រងបាន រហូតដល់មានការប្រើប្រាស់ជក់ពេញទីសាធារណៈ ខុសពីគោលគំនិតដើម និងបង្ខំឱ្យរដ្ឋាភិបាលប្រទេសនោះត្រូវរឹតបន្តឹង ច្បាប់ឡើងវិញដូចការព្យាករទុកមែន៕
ផ្សាយ:ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
Cr:AKP
















