អភិបាលខេត្តកំពង់ចាម ណែនាំឱ្យត្រៀមលក្ខណៈឱ្យបានរួចរាល់ ខណៈពិធីប្រណាំងទូកឆ្នាំនេះ មានទូកចូលរួមសរុប ៩២ទូក ស្មើនឹង ៤៦គូ

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំកម្មវិធី កិច្ចសាសនា តាំងពិព័រណ៍សមិទ្ធផល និងការប្រគុំតន្ត្រី ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសបុណ្យចេញព្រះវស្សានាពេលឆាប់ៗខាងមុខ។ ក្នុងនោះ ព្រឹត្តិការណ៍ឆ្នាំនេះមានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៩២ទូក (ស្មើនឹង ៤៦គូ) រួមមាន៖ ទូកង (ចំណុះ ៧០នាក់) ចំនួន ៤០ទូក និង ទូកខ្នាតអន្តរជាតិ (ចំណុះ ២២នាក់) ចំនួន ៥២ទូក។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ រៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់ផ្នែកឱ្យបានរួចរាល់ ខណៈដែលពេលវេលានៃការរៀបចំព្រឹត្តិការណ៍នេះកាន់តែខិតជិតមកដល់។
ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់បន្ថែមថា អនុគណៈកម្មការជំនាញត្រូវពិនិត្យមើលកាលវិភាគ ទីតាំងពិធី និងរៀបចំកិច្ចសាសនាឱ្យបានត្រឹមត្រូវតាមប្រពៃណី សមរម្យ និងសក្តិសមជាព្រឹត្តិការណ៍ថ្នាក់ខេត្ត។ រីឯការរៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផល ឆាកប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ត្រូវរៀបចំឱ្យមានរបៀបរៀបរយ និងមានភាពទាក់ទាញ។
ជាមួយគ្នានេះ គ្រប់ផ្នែកទាំងអស់ត្រូវបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងសង្គ្រោះបន្ទាន់ ដើម្បីធានាឱ្យព្រឹត្តិការណ៍ទាំងមូលប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាពខ្ពស់ និងបង្កើតបាននូវបរិយាកាសសប្បាយរីករាយ អធិកអធម បម្រើដល់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕
ផ្សាយ:ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាលខេត្តកំពង់ចាម








