ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានអញ្ជេីញចុះសួរសុខទុក្ខកងកម្លាំងនគរបាលក្រុងកោះរ៉ុង ដោយពុំមានការគ្រោងទុក

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានធុរៈផ្ទាល់ខ្លួននៅក្បែរអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ឯកឧត្តមក៏បានឆ្លៀតឱកាសអញ្ជើញចូលសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកងកម្លាំងនគរបាល ដោយពុំមានការគ្រោងទុកជាមុន ក្នុងដំណេីរចុះសួរសុខទុក្ខនោះដែរ ក៏មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភសម្ភារៈ និងឧបករណ៍មួយចំនួន ជូនដល់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង រួមមាន៖ ខែល អាវការពារ ដំបង ខ្នោះដៃ សម្ភារៈចរាចរណ៍ និងសម្ភារៈបម្រើការងារនគរបាលផ្សេងៗទៀត សម្រាប់ប្រើប្រាស់ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងជូនថវិកាដល់កងកម្លាំងទាំងអស់ដោយម្នាក់ៗ៤០ម៉ឺនរៀលផងដែរ ។
ការអញ្ជើញចុះសួរសុខទុក្ខដោយមិនបានគ្រោងទុកជាមុននេះ បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងការបំពេញភារកិច្ចរបស់បងប្អូនកងកម្លាំងនគរបាលនៅមូលដ្ឋាន ៕
ផ្សាយ:ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ












