អភិបាលខណ្ឌជ្រោយចង្វារ ចុះពិនិត្យផ្ទាល់ករណីផ្លូវបេតុងបាក់ចូលទន្លេនៅភូមិខ្ទរ ក្នុងសង្កាត់ព្រែកលៀប និងបញ្ជាទម្លាក់គ្រឿងចក្រជួសជុលបន្ទាន់

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ អមដំណើរដោយលោកចៅសង្កាត់ព្រែកលៀប ព្រមទាំងក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងផ្លូវបេតុងមួយកន្លែង ដែលបានបាក់ស្រុតចូលទៅក្នុងទន្លេ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងការចុះពិនិត្យទីតាំងជាក់ស្តែងនេះដែរ ដោយមានបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌជ្រោយចង្វារបានដឹកនាំក្រុមការងារបច្ចេកទេស នាំយកគ្រឿងចក្រធុនធ្ងន់ និងសម្ភារជាច្រើនមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីបើកការដ្ឋានជួសជុល និងទប់ស្កាត់ការបាក់ស្រុតបន្ថែមឱ្យបានទាន់ពេលវេលា។
លោកអភិបាលខណ្ឌ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាពនៃការជួសជុល ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់ឡើងវិញបានរឹងមាំ និងមានសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាង និងអ្នកធ្វើដំណើរ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងយោគយល់អធ្យាស្រ័យចំពោះការរំខានដោយសារការដ្ឋានជួសជុលក្នុងអំឡុងពេលនេះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងតំបន់បានសម្តែងនូវសេចក្តី សោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងចាត់វិធានការ ដោះស្រាយបញ្ហាប្រឈម និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុង មូលដ្ឋានឡើងវិញ។
សកម្មភាពចុះអន្តរាគមន៍យ៉ាងឆាប់រហ័សរបស់ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្នះខ្នែងលើសុខទុក្ខ និងសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
រាយការណ៍ព័ត៌មានដោយ៖ សាន ស៊ីនិត (អាស៊ានដេលី )
ផ្សាយ:ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
















