រដ្ឋបាលខេត្តកំពង់ចាម ត្រៀមលក្ខណៈសម្បត្តិរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប និងអុជកាំជ្រួច នាឱកាសបុណ្យចេញព្រះវស្សា

(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការប្រគំតន្ត្រី កីឡាប្រដាល់គុនខ្មែរ និងការតាំងពិព័រណ៍សមិទ្ធផលនានា នៅក្រុងកំពង់ចាម ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ខាងមុខនេះ។
ការត្រៀមលក្ខណៈនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំ និងបែងចែកភារកិច្ចដល់អនុគណៈកម្មការជំនាញនីមួយៗ ដោយក្នុងនោះ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រមទាំងរៀបចំប្រទីបចំនួន ២,៥៧០ ប្រទីប ឱ្យស្របតាមឆ្នាំពុទ្ធសករាជ ២៥៧០ ដោយមានក្បួនដង្ហែយ៉ាងមានរបៀបរៀបរយ និងសោភ័ណភាព មុននឹងនាំយកទៅបណ្តែតតាមដងទន្លេ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តោតលើការងារអនាម័យ បរិស្ថាន និងការតុបតែងភ្លើងលម្អក្រុងឱ្យបានស្រស់ស្អាត ព្រមទាំងតម្រូវឱ្យរៀបចំការប្រកួតប្រណាំងទូក ការអុជកាំជ្រួច និងស្តង់ពិព័រណ៍សមិទ្ធផលនានា ឱ្យដំណើរការទៅដោយរលូន ប្រកបដោយភាពទាក់ទាញ និងសប្បាយរីករាយបំផុត។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះក៏នឹងមាន ការបាញ់កាំជ្រួចថ្នាក់ធំ ដែលជាប្រភេទកាំជ្រួចកម្រិតស្ដង់ដារ ដូចទៅនឹងការបាញ់នៅមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យជាតិធំៗ ឬពិធីបុណ្យអុំទូកនាពេលកន្លងមក ដើមី្បបង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ លម្អផ្ទៃមេឃលើដងទន្លេក្រុងកំពង់ចាម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានទស្សនាកម្សាន្តផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យព្រឹត្តិការណ៍អបអរសាទរបុណ្យចេញព្រះវស្សានៅក្រុងកំពង់ចាម ប្រព្រឹត្តទៅដោយជោគជ័យ សប្បាយរីករាយ និងមានសុវត្ថិភាពខ្ពស់៕
ផ្សាយ:ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:រដ្ឋបាលខេត្តកំពង់ចាម










