សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

(ភ្នំពេញ)​: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការ អញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី មន្ត្រីជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។ សម្តេចធិបតីក៏គ្រោងនឹងមានជំនួបទ្វេភាគីដាច់ដោយ ឡែកជាមួយថ្នាក់ដឹកនាំនៃស្ថាប័ននីតិបញ្ញត្តិជប៉ុន និងអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុង សន្និសីទអន្តរជាតិលើកទី៣០ ស្តីពី “អនាគតរបស់អាស៊ី»។ លើសពីនេះ សម្តេចធិបតី នឹងអញ្ជើញ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នឹងមានជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ។

ដំណើរទស្សនកិច្ចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសជប៉ុន នឹងជំរុញបន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាងប្រទេសទាំងពីរ៕

 

ផ្សាយ​:ថ្ងៃទី​២៤ ខែឧសភា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង