ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. ត្រូវបាន រកឃើញបំពុលតំបន់ទឹកសាធារណៈសារជាថ្មី នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ.

(ខេត្ត​ព្រះសីហនុ)​:នៅថ្ងៃ៣១​ ខែឧសភា​ ឆ្នាំ២០២៥នេះ ក្រសួង​បរិស្ថាន​បានប្រកាសអោយដឹងថា ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. ត្រូវបានរកឃើញបំពុលតំបន់ទឹក សាធារណៈជាថ្មី នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រុមហ៊ុន Kubon(Cambodia) Biotechnology Co., Ltd. កែច្នៃស្បែកគោ នៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានរកឃើញជាថ្មីម្តងទៀត បានបញ្ចេញសំណល់រាវបំពុលព្រែក ធម្មជាតិ នៅក្នុងមូលដ្ឋានក្បែរក្រុមហ៊ុន។ ករណីបំពុលនេះ កើតឡើងនៅពេល ក្រុមហ៊ុនបានបើកដំណើរការផលិតកម្ម សាកល្បង ក្រោយពេលអនុវត្តវិធានការច្បាប់កន្លងមក ដើម្បីធ្វើតេស្តអាងប្រព្រឹត្តិកម្មសំណល់រាវ ដែលទើបនឹងកែ លម្អរួច ហើយបានបង្ហូរសំណល់រាវចូលអូរផ្អាវ និងតាមបំពង់ ទុយោចូលទៅក្នុងព្រែកកំពង់ស្មាច់ផងដែរ។ ក្រុមការងារ ក្រសួងបរិស្ថាន បានរកឃើញ សំណល់រាវដែលបានបង្ហូរចេញ នោះ មានលក្ខណៈពណ៌ខ្មៅប្រផេះ មានសារធាតុខ្លាញ់អណ្តែត និងមានក្លិនស្អុយ និងបានប៉ះពាល់ដល់ការរស់ប្រជាពលរដ្ឋ និង មានត្រីចញ្ចឹមក្នុងបែរពុលងាប់អស់ជាច្រើន។ ជារួមក្រុមហ៊ុនពុំបានដាក់ដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសឡើយ និងបានលួចបង្ហូរសំណល់រាវ ដោយ ផ្ទាល់ចូលព្រែកកំពង់ស្មាច់ បង្កការបំពុលយ៉ាងធ្ងន់ធ្ងរ ជាបន្តបន្ទាប់។

សកម្មភាពរបស់ក្រុមហ៊ុននេះ បានប្រព្រឹត្តល្មើលនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា២៨៦ មាត្រា២៨៧ និងមាត្រា៦៤៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ គឺត្រូវអនុវត្ត វិធានការចំពោះក្រុមហ៊ុន ដូចខាងក្រោម៖

១-ដកហូតរាល់លិខិតអនុញ្ញាត​ដែលចេញដោយក្រសួងបរិស្ថានទាំងអស់ ព្រោះក្រុមហ៊ុនមនបានគោរពតាមវិធានការច្បាប់ ដែល ក្រុមហ៊ុនធ្លាប់បានបំពុលព្រែកកំពង់ស្មាច់ម្តងរួចមកហើយ ក្នុង ខែមេសា ឆ្នាំ២០២៤

២-បញ្ឈប់សង្វាក់ផលិតកម្មដែលបញ្ចេញសំណល់រាវ។

៣-ត្រូវរុះរើបំពង់ទុយោបង្ហូរសំណល់រាវចេញឱ្យអស់ជាបន្ទាន់ ដោយបានស្នើឱ្យអាជ្ញាធរឃុំ តាមដានការអនុវត្តរហូតបញ្ចប់ ជាស្ថាពរ និងត្រូវធ្វើរបាយការណ៍ពីការអនុវត្តករណីនេះ។

៤-ត្រូវពិន័យអន្តរការណ៍និងត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាតទៅតាមការគណនារបស់មន្ត្រីជំនាញ។

៥-ត្រូវធ្វើការស្តារទឹកអូរ និងព្រែកដែលរងការបំពុល អោយមានស្ថានភាពប្រសើដូចដើមវិញ។

៦-ក្នុងករណី មិនអនុវត្តតាមចំណុចវិធានការខាងលើ ត្រូវបិទសកម្មភាពអាជីវកម្មទាំងស្រុង។

ក្រសួង​បរិស្ថាន​បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០២៤​ កន្លងទៅ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរស្រុកព្រៃនប់ អាជ្ញាធរឃុំទឹកល្អក់ និងឃុំសាមគ្គី បានចុះពិនិត្យករណីបំពុល ទឹកព្រែកកំពង់ស្មាច់ បង្កឡើងដោយក្រុមហ៊ុន Kubon(Cambodia) Biotechnology Co., Ltd. ម្តងរួចមកហើយ។ ក្រុមការងាររកឃើញថាក្រុមហ៊ុន បានបង្កការបំពុលព្រែកកំពង់ ស្មាច់ និងប្រព័ន្ធទឹកពាក់ព័ន្ធ បន្ទាប់ពីក្រុមការងារបានយក សំណាក មកធ្វើការវិភាគ និងរកឃើញថាមិនបានអនុលោមកម្រិត កំណត់ស្តង់ដារ​ ហេីយធ្វេីអោយប្រជាពលរដ្ឋ មួយចំនួនបានទទួលរងផលប៉ះពាល់ដោយមិនអាចប្រើប្រាស់ទឹក ធ្វេីការនេសាទ ធ្វើវារីវប្បកម្ម ការធ្វើដំណើរ និងបញ្ហាសុខភាព ជាដើម។

ក្រសួង​បរិស្ថាន​បញ្ជាក់បន្ថែមថា ទោះបីជាក្រុមហ៊ុនកំពុងអនុវត្តបញ្ជា កែប្រែឱ្យស្របតាមច្បាប់កំណត់ក៏ដោយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កន្លងមក ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យ ម្តងទៀតលើក្រុមហ៊ុននេះ និងបានរកឃើញបញ្ចេញទឹកកខ្វក់ ដែលមិនបានសម្អាតត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសបរិស្ថាន ឬ ឆ្លងកាត់អាងចម្រោះ ដែលនិងធានាថាសំណល់រាវក្រោយសម្អាត ត្រូវអនុលោមតាមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញ សំណល់រាវ នៅឡើយ៕

 

ផ្សាយ​:ថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង