អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត«សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ» ហើយ «ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ»ការថ្លែងបែបនេះគឺធ្វេីឡេីងកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងវេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ នៅទីក្រុងណានជីង ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

(ទីក្រុងណានជីង): រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំវេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ នៅទីក្រុងណានជីង ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របស្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ជាវិនិយោគិនចិន និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង៣០០នាក់។
សូមជម្រាបជូនថា វេទិកាខាងលើ មានការចូលរួមសហការរៀបចំដោយ មន្ទីរពាណិជ្ជកម្មខេត្ត ជាំងស៊ូ រដ្ឋបាលខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងបើកវេទិកានេះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព ជា «មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។
វេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូនាពេលនេះ គឺមានគោលបំណងដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ព្រមទាំងស្វែងរកអ្នកវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ និងការដឹកជញ្ជូនជាដើម។ ទន្ទឹមនេះ ឯកឧត្តមពិតជាមានសេចក្តីសោមនស្ស រីករាយ ដែលបានជួបជាមួយធុរជន និងវិនិយោគិន ចំនួន ១២០ក្រុមហ៊ុននៅក្នុងវេទិកានេះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅវិនិយោគ ព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តព្រះសីហនុ។
ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគនូវការផ្តល់សេវាឆាប់រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសម្របសម្រួល ការលើកទឹកចិត្ត និងធានាសន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួលបានពត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។
បន្ថែមពីលើនេះឯកឧត្តម ក៏មានប្រសាសន៍លើកឡើងអំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមបញ្ជាក់ថាព័ត៌មានទាំងនោះគឺជាព័ត៌មានមិនពិតប្រាកដទេ ឯកឧត្តមធានាអះអាងការពារ សន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរ។ ព្រោះថាបេសកកម្មរបស់រដ្ឋបាលខេត្តគឺ៖
«សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ» ហើយ «ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ»។
ក្នុងវេទិកានេះក៏មានបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ។
ផ្សាយ:ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:លោក ឃាង ភារម្យ(នាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ)
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា (HarryVS)


















