សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា.ថៃ ក្នុងខេត្តឧត្តរមានជ័យ.

(ខេត្ត​ឧត្តរ​មានជ័យ)​: នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពី នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស វត្តមាន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត ។

សម្ដេចមានប្រសាសន៍ថា ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។

សម្តេចជាសាក្សីក្នុងកិច្ចការងារព្រំដែននេះ ហើយមិនមែនជាលើកទី១ទេដែលថៃតែងតែមកឈ្លានពានកម្ពុជា ហើយឥឡូវនេះទោះមិនមែនជាការបញ្ជាដោយផ្ទាល់ពីរាជរដ្ឋាភិបាលថៃ ប៉ុន្តែទាហានថៃបានមកឈ្លានពាននិងកេងប្រវ័ញ្ចលើទឹកដីកម្ពុជា ។

សភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផ្តោតការយកចិត្តទុកដាក់ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី របស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់៕

 

ផ្សាយ​:ថ្ងៃទី​៨ ខែមិថុនា​ ឆ្នាំ២០២៥

ប្រភព៖ក្រសួងព័ត៌មាន

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង