ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូល រួមមីស្ទីងអបអរសាទរខួបអនុស្សារីយ៍លើកទី៤៧ និង ទិវាកំណើតសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៨-២ធ្នូ ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

(ភ្នំពេញ): នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូល រួមមីស្ទីងអបអរសាទរខួបអនុស្សារីយ៍លើកទី៤៧ និង ទិវាកំណើតសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៨-២ធ្នូ ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈ សារព័ត៌មាន និងសោតទស្សន៍នៃ ទីស្តីការក្រសួង។
ឯកឧត្តម នេត្រ ភក្ត្រា ការពិតនៃកម្ពុជា៖ ស្មារតី ២ ធ្នូ ជាអមតៈ កម្ពុជា បានឆ្លងកាត់ការបែកបាក់ជាង៥០០ឆ្នាំ វាជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចបំផ្លើសបានដែលកើតឡើងលើមាតុភូមិមួយនេះ ហើយអ្វីៗទាំងអស់ត្រូវបានចាប់ផ្តើមឡើងវិញពីចំណុចសូន្យទម្រាំឈានដំណើរមកដល់សន្តិភាពពេញលេញ ២៥ឆ្នាំកន្លងទៅនេះ ដោយការកសាង ទប់ស្កាត់ អភិវឌ្ឍ ថែរក្សា ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តការពារសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនភាពសង្គមជាតិ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ (កាលពី ៤៧ឆ្នាំមុន) គឺជាថ្ងៃ បង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ក្នុងភូមិជើងឃ្លា ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើង ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិង ក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតី តេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុង ការរៀបចំកម្លាំងដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រោមការអំពាវនាវរបស់សម្តេចទាំងបី ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយ បានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិត ឆ្ងាយលើសកលលោក បានផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។
៧ មករា ៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា បានបើកឡើងវិញនូវ ទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវ សិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្តារ កសាង និង អភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនផងដែរ។
ផ្សាយ:ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)












