សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (៧ ធ្នូ ១៩៩១ – ៧ ធ្នូ ២០២៥) និងបុណ្យមហាកតញ្ញូថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា.

(ភ្នំពេញ): នាព្រឹកថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (៧ ធ្នូ ១៩៩១ – ៧ ធ្នូ ២០២៥) និងបុណ្យមហាកតញ្ញូថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ស្ថិតនៅភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព្រះរាជពិធីប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ឯកឧត្ដម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការនិមន្តចូលរួមពី សម្ដេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះមេគណៈ សហការីគណៈព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្ដម លោកជំទាវ ឧត្ដមទីប្រឹក្សា ទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងញាតិញោមមហាពុទ្ធបរិស័ទគ្រប់ទិសទី យ៉ាងច្រើនកុះករ ឱឡារិកអធិកអធម។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវគារវកិច្ចចំពោះព្រះវត្តមាន របស់សម្តេច ព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងស្វាគមន៍ ចំពោះវត្តមានឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងបងប្អូនពុទ្ធបរិស័ទ ដែលអញ្ជើញចូលរួមក្នុងពិធីដ៏អធិកអធមនេះ។
សម្តេច ក៏សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមអរគុណចំពោះលោកអាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទនៅគ្រប់ទិសទី ដែលជានិច្ចកាលបានចូលរួមកសាងសមិទ្ធផលនានា បម្រើដល់បុព្វហេតុនៃព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការវិឌ្ឍរីកចម្រើនជាលំដាប់ ស្របតាម បរិបទប្រែប្រួលនៃសង្គមជាតិ ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ បានមកប្រតិស្ថាននៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៩១ ដែលនាពេលនោះ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធានរដ្ឋសភា បានលើកសំណើថ្វាយ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គគង់ប្រថាប់ជាព្រះប្រធាន ឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ព្រះអង្គក៏បានព្រះរាជានុញ្ញាត និងបានថ្វាយព្រះឋានៈជា សម្តេចព្រះសុគន្ធាធិបតី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានរៀបចំបង្កើតឡើងវិញនូវ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាដ៏មហានក្ខត្តឫក្សនេះ សម្តេចក្រឡាហោម ស ខេង ពិតជាមានមោទនភាព សូមថ្លែងនូវការគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ព្រះរាជបេសកកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដែលព្រះអង្គបានដឹកនាំ ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវឌ្ឍនភាពគួរជាទីមោទនៈ បម្រើផ្នែកជំនឿ ដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់។ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ ក៏បានចូលរួម និងដើរតួនាទីក្នុងសកម្មភាពសង្គមសំខាន់ៗមួយចំនួន ដូចជា ការទប់ស្កាត់ការជួញដូរមនុស្ស តាមរយៈការអប់រំណែនាំដល់ពុទ្ធបរិស័ទឱ្យលើក កំពស់តម្លៃរបស់មនុស្សជាតិ ការពារសន្តិភាពជាតិ និងធ្វើសកម្មភាពមនុស្សធម៌ តាម គន្លងព្រះធម៌។ បន្ថែមលើនេះ ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ ក៏បានចូលរួម ចំណែកយ៉ាងធំធេង កសាងហេដ្ឋារចនាសម្ព័ន្ធវត្តអារាមបានជាច្រើន សំរាប់ព្រះសង្ឃ និងពុទ្ធបរិស័ទបានស្នាក់នៅ និងប្រត្តិបត្តិធម៌។
ទន្ទឹមនឹងការអភិវឌ្ឍផ្នែកខាងចិត្តវិញ្ញាណ ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ ក៏បានចូលរួមអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយឲ្យទទួលបាននូវចំណេះដឹង និងចំណេះធ្វើ តាមរយៈ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានសាមណនិស្សិត និងនិស្សិតជាច្រើនអង្គ កំពុងសិក្សាលើជំនាញផ្សេងៗផងដែរ ។
ក្នុងស្មារតីចូលរួមចំណែកថែរក្សា និងអភិរក្ស ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត សំដៅ ចូលរួម និងផ្សាភ្ជាប់កាន់តែជិតស្និទ្ធ រវាងអាណាចក្រ និងពុទ្ធចក្រ សម្តេចក្រឡាហោម ស ខេង សូមព្រះបរមរាជានុញ្ញាត និងអនុញ្ញាត លើកឡើងនូវសំណូមពរមួយចំនួន៖ សូមព្រះតេជគុណ ព្រះសង្ឃ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បន្តចូលរួមក្នុង បេសកកម្មដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់គុណតម្លៃ និងតួនាទីដ៏សកម្ម របស់ព្រះពុទ្ធសាសនា ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ដល់កុលបុត្រ កុលធីតា និងពុទ្ធសាសនិកជំនាន់ក្រោយ ផ្អែកលើគតិបណ្ឌិតនៃព្រះពុទ្ធជាម្ចាស់នូវ មេត្តា ករុណា ឧបេក្ខា និងមុតិតា សំដៅកសាងសង្គមជាតិប្រកប ដោយភាព សុខដុមរមនា។ សូមព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បន្តដើរតួនាទីជាកម្លាំងចលករ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា តាមរយៈការសិក្សា និងស្រាវជ្រាវ ដើម្បីពង្រឹង និងពង្រីកពុទ្ធិ បម្រើដល់ការផ្សព្វផ្សាយ និងការអប់រំពាក់ព័ន្ធនឹងព្រះពុទ្ធ សាសនា ឆ្លើយតបទៅនឹងការវិវត្តនៃបរិបទសង្គមជាតិ និងសកលលោក។ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុងរឹងមាំ រវាងព្រះសង្ឃ និងព្រះសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទ ដោយត្រូវចេះស្រឡាញ់ និងគោរពផ្ត ល់តម្លៃគ្នាទៅវិញទៅមក ក្នុងការប្រណិប័តជំនឿសាសនា ជាពិសេស សូមបន្តកិច្ច សហការប្រកបដោយសាមគ្គីភាព និងទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត, ទាំងក្នុងកម្រិតជាតិ-អន្តរជាតិ, ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា៕
ផ្សាយ:ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)


















