សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ជុំវិញស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖

(ភ្នំពេញ)​: ក្រសួង​ការ​ពារ​ជាតិ​សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖

យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅវេលាម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។

• ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនជ្រាបនៅពេលក្រោយ។

 

ផ្សាយ​:ថ្ងៃទី​៩ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

ប្រភព​:ក្រសួង​ការ​ពារ​ជាតិ​

ព័ត៌មានដែលជាប់ទាក់ទង