ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តបានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥.

(ខេត្តព្រះសីហនុ): ខណៈឆ្នាំ២០២៥ ហៀបនឹងបញ្ចប់ ក្រុមការងារជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ បានបង្ហាញថារយៈពេលពីរឆ្នាំ គឺឆ្នាំ២០២៤-ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទចំនួន ៤១២ គម្រោង ជាមួយ ទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាម៉េរិក ដោយ អាចបង្កើតការងារបានប្រមាណ ៥២ ០០០ កន្លែង ។ នេះបើយោង តាមលទ្ធផលនៃកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥។
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសប្ដាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុម ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូក សរុប និងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥ ដោយមានការចូលរួម ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ។
កិច្ចប្រជុំបានបង្ហាញថា ក្នុងឆ្នាំ ២០២៥ ក្រុមការងារ បានសម្រេច ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ចំនួន១៩៩ គម្រោងស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង, ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៩២ គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង, ការពង្រីកគម្រោង ចំនួន ៩ គម្រោង និង គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៨ គម្រោង ដោយគ្របដណ្តប់លើវិស័យអចលនទ្រព្យ, ឧស្សាហកម្ម, ទេសចរណ៍ អប់រំ ។ល។ ក្រៅពីនេះ, ក្រុមការងារបានអនុវត្តវិធាន ការនានា ដោយរលូន ស្របតាមកម្មវិធីពិសេស ដោយមានកិច្ច សហការខ្ពស់ និង ការចូលរួមយ៉ាងសកម្ម របស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និង លទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសនេះ រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធាន ការ ដដែល និង បន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្រប សម្រួល និង ជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួល ការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និងរោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមាន សមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ ។
កិច្ចប្រជុំខាងលើក៏បានដាក់ចេញទិសដៅការងារបន្ត ក្នុងឆ្នាំ ២០២៦ និង ២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំ ឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និង យកចិត្តទុកដាក់ខ្ពស់ក្នុងការសហការ ជាមួយក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្ត ។
សូមជម្រាបថា សម្រាប់រយៈពេល ២ ឆ្នាំ កន្លងទៅនេះក្នុងចំណោម ៤១២ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល កែលម្អរួចរាល់ មាន ១៣៤ គម្រោង ស្មើនឹង ៣៣ភាគរយ, គម្រោងដែលកំពុងអនុវត្ត ការសាងសង់ ជួសជុល កែលម្អមាន ១៦២ គម្រោង ស្មើនឹង ៣៩ភាគរយ,និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការ សាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨ភាគរយ ៕
ផ្សាយ:ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
អត្ថបទ៖ក្រុមការងារMoINFO APP






