ឯកឧត្តម​ គួច​ ចំរើន​ អញ្ជេីញ​ចុះពិនិត្យវឌ្ឍនភាព នៃគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ .

(ខេត្តកណ្តាល)​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ទីរពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព នៃគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ជាការពិតណាស់ ការសាងសង់ច្រាំងគឺជាការមួយដែលលំបាក ឯកឧត្តមអភិបាល ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវបន្តពង្រឹងលើគុណភាពសំណង់ ត្រូវខិតខំក្នុងការអនុវត្តការងារនេះឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ធ្វើយ៉ាងណាគោរពតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ សំដៅធានាគុណភាពរឹងមាំរបស់សំណង់។

សូមជម្រាបថា តាមមន្ត្រីជំនាញបច្ចេកទេសបានឱ្យដឹងថា៖ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។ ក្នុងនោះបានរៀបចំចំនួន ៣ ថ្នាក់ ដោយថ្នាក់ទី១ មានរៀបចំ៖ ១. ផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន

២. ផ្លូវជិះកង់ និងរត់ហាត់ប្រាណ ៣. សួនបៃតង់ ៤. រក្សាដើមឈើដែលមានស្រាប់ខ្លះ និងដាំបន្ថែមដើមឈើថ្មីតាមសួន ៥. សួនកំសាន្តកុមារ ៦. កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់ ៧. កន្លែងអង្គុយលំហែតាមសួន ៨. អាហារដ្ឋាន (Food Court) សម្រាប់ចំនួន ២២តូប ៩. អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ ១០. ចំណតរថយន្តក្រុង ១១. ចំណត រថយន្ត និង១២. ចំណតម៉ូតូ។

ថ្នាក់ទី២ មានរៀបចំ៖

១. ជម្រាលសម្រាប់ជនពិការ ២. ផ្លូវដើរកំសាន្តថ្មើរជើង ៣. អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈមួយកន្លែង ៤.បន្ទប់ទឹកសាធារណៈ ២កន្លែង ៥. សួនស្មៅ និងរុក្ខជាតិតូចៗ ៦. ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង ៧. ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និងមានកន្លែងអង្គុយជ្រកពីក្រោម ៨. អំពូលភ្លើងបំភ្លឺតាមសួន។

ថ្នាក់ទី៣ មានរៀបចំ៖

១.ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ ២. ផ្លូវដើរកំសាន្តថ្មើរជើង ៣. សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក ៤. បង្កាន់ដៃបេតុង និងដែក ៥. អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង។ ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែមករា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា(Harry​VS)

ប្រភព​:រដ្ឋបាល​ខេត្ត​កណ្តាល

 

ព័ត៌មានដែលជាប់ទាក់ទង