សញ្ញាសង្ស័យធ្ងន់ធ្ងរនៃការបំពានច្បាប់ប្រឆាំងជួញដូរផ្លូវភេទ ជុំវិញទីតាំងផ្ទះសំណាក់.ខារ៉ាអូរខេ.អាហារដ្ឋាន «ហេង សុខា»តើអាជ្ញាធរទុកឲ្យឆ្លងផ្លូវច្បាប់ឬ?

(ត្បូងឃ្មុំ):-ការរៀបចំអាជីវកម្ម ផ្ទះសំណាក់ ខារ៉ាអូរខេ និងអាហារដ្ឋាន ស្ថិតក្នុង អគារតែមួយ ទីតាំងតែមួយ ក្រោមឈ្មោះ «ហេង សុខា» កំពុងបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងពីមតិសាធារណៈ និងអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹង ការអនុវត្តអាជីវកម្មខុសពីគោលបំណង និងសញ្ញាសង្ស័យនៃអំពើជួញដូរផ្លូវភេទលាក់លៀម។
តាមទស្សនៈច្បាប់ ការប្រមូលផ្តុំអាជីវកម្មបែបនេះ មិនមែនជារឿងតូចតាច ទេ ប្រសិនបើគ្មានការបែងចែកមុខងារ បច្ចេកទេស និងអាជ្ញាប័ណ្ណឲ្យបានច្បាស់លាស់ ព្រោះវាអាចបង្កើតបរិបទងាយរងការប្រើប្រាស់សម្រាប់ ការរៀបចំ ការអនុញ្ញាត ឬការលើកទឹកចិត្តអំពើផ្លូវភេទពាណិជ្ជកម្ម។
(យោងតាមច្បាប់ជាតិ)
យោងតាម ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការប្រើប្រាស់ផ្លូវភេទ (ឆ្នាំ ២០០៨)
មាត្រា ២ និងមាត្រា ៣ កំណត់និយមន័យអំពើជួញដូរមនុស្ស និងការប្រើប្រាស់ផ្លូវភេទថា រួមមាន ការរៀបចំ ការអនុញ្ញាត ការផ្តល់ទីកន្លែង ឬការសម្របសម្រួល ឲ្យមានអំពើផ្លូវភេទពាណិជ្ជកម្ម។
មាត្រា ១៥ និងមាត្រា ១៦ ចែងថា អ្នកណាដែល ផ្តល់ទីកន្លែង ឬគ្រប់គ្រងទីតាំង សម្រាប់អំពើផ្លូវភេទពាណិជ្ជកម្ម ត្រូវទទួលទោសតាមច្បាប់ ទោះបីមិនជាអ្នកប្រព្រឹត្តផ្ទាល់ក៏ដោយ។
លើសពីនេះ ការអសកម្ម ឬការមិនអនុវត្តតួនាទីត្រួតពិនិត្យ របស់អាជ្ញាធរ ក៏អាចត្រូវបានចាត់ទុកថា ជាការបើកផ្លូវឲ្យបទល្មើសកើតមានជាបន្តបន្ទាប់។
សំណួរធំៗនៅតែមិនមានចម្លើយ
ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានASEAN DAILY បានសួរទៅកាន់ ម្ចាស់ទីតាំង លោក ហេង សុខា អំពី
ការមានអាជ្ញាប័ណ្ណស្របច្បាប់ដែរឬទេ
អាជ្ញាប័ណ្ណនីមួយៗអនុញ្ញាតត្រឹមកម្រិតណា
និងការបែងចែកបច្ចេកទេសរវាងផ្ទះសំណាក់ និងខារ៉ាអូរខេ ប៉ុន្តែ លោកបានចូលមើលតេឡេក្រាម តែមិនឆ្លើយតប ជាហេតុបង្កើតការសង្ស័យថា អាចមានការលាក់បាំងព័ត៌មានសំខាន់ៗពីសាធារណៈ។ ជាមួយគ្នានេះ លោក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក បញ្ជាក់ថា ជាការងារអាជ្ញាធរ។ លោក ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា ពាក់ព័ន្ធមន្ទីរទេសចរណ៍។
លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ លើកឡើងថា អាចអនុញ្ញាតបាន ប្រសិនបើត្រឹមត្រូវតាមបច្ចេកទេស ប៉ុន្តែសម្រាប់ថ្នាក់ស្រុកអនុវត្តផ្ទាល់ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានចូលស្តាប់សំណួរ តែ មិនឆ្លើយតប ហេតុនេះហើយដែលធ្វើឲ្យសំណួរច្បាប់ និងការទទួលខុសត្រូវ នៅតែអ័ព្ទស្រអាប់។
-អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំសូមអំពាវនាវ
ក្នុងនាមជាអ្នកសារព័ត៌មាន និងតំណាងសំឡេងសាធារណៈ អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន
មេតាចុះ ត្រួតពិនិត្យជាបន្ទាន់ និងជាក់ស្តែង លើទីតាំង «ហេង សុខា» តាម ច្បាប់ប្រឆាំងជួញដូរផ្លូវភេទ ច្បាប់ទេសចរណ៍ និងច្បាប់សណ្តាប់ធ្នាប់សាធារណៈ ដើម្បី បញ្ជាក់ភាពស្របច្បាប់
ឬចាត់វិធានការតាមច្បាប់ ដោយមិនលំអៀង ប្រសិនបើរកឃើញការបំពាន ព្រោះ ច្បាប់មិនមែនសម្រាប់តាំងបង្ហាញ ហើយ ការមិនអនុវត្តច្បាប់ គឺជាការចូលរួមបង្កើតបទល្មើសដោយប្រយោល
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាពុំមាន ចេតនាញុះញង់ទៅលើស្ថាប័នឬអង្គភាពពាក់ព័ន្ធមួយណាឡើយ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
