ប្រមុខ​ការពារជាតិ​កម្ពុជា​អនុញ្ញាតឱ្យមេទ័ពជើងទឹក អាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម នៅមូលដ្ឋានសមុទ្ររាម.

(ខេត្ត​ព្រះសីហនុ​)៖ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមូលដ្ឋាន សមុទ្ររាម។

នាយឧត្តមនាវី Samuel Paparo បំពេញទស្សនកិច្ចនៅ កម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចត នៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក។

កាលពីព្រឹកមិញនេះ នាយឧត្តមនាវី Samuel Paparo ក៏ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជំនួបរវាង សម្តេចមហាបវរធិបតី និងមេទ័ពជើងទឹកអាមេរិក ដើម្បី ពិភាក្សាពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងវិស័យ ការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគី និងការការ គាំទ្រដល់ស្ថិរភាពតំបន់។

កិច្ចពិភាក្សាបានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នានិងស្ថិរភាព តំបន់។ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ។

នៅល្ងាចថ្ងៃនេះ មេទ័ពជើងទឹកអាមេរិក នាយឧត្តមនាវី Samuel Paparo ក៏នឹងរៀបចំពិធីជប់លៀងលើនាវាដ៏មាន អានុភាពរបស់អាមេរិក ដែលកំពុងចតនៅមូលដ្ឋានសមុទ្ររាម ផងដែរ។

ជាការកត់សម្គាល់នៅមុនឆ្នាំ២០២៤ កម្ពុជា និងអាមេរិក ហាក់ មានការមិនយល់ចិត្តគ្នាមួយចំនួនលើបញ្ហាមូលដ្ឋានសមុទ្ររាម ដោយមានការចោទប្រកាន់ថា កម្ពុជា ផ្តល់មូលដ្ឋានសមុទ្ររាម ជាទីតាំងឈរជើងរបស់កងទ័ពជើងទឹកចិន ក្នុងគ្រាដែលកម្ពុជា កែលំអមូលដ្ឋាននេះ ឱ្យកាន់តែល្អប្រសើរ។

ប៉ុន្តែចាប់ពីឆ្នាំ២០២៤មក ទំនាក់ទំនងហាក់ល្អប្រសើរឡើងវិញ ហើយនាវាចម្បាំងអាមេរិក ក៏ចូលមកកាន់សមុទ្រកម្ពុជាវិញ ក្រោយខកខានជាច្រេីនឆ្នាំ។

 

ផ្សាយ​:ថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា(Harry​VS)​និពន្ធនាយក

Cr:KN

 

ព័ត៌មានដែលជាប់ទាក់ទង