ស្តាប់ការបកស្រាយរបស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុជុំវិញករណីផ្ទុះការវែកញែកក្នុងបណ្តាញសង្គមរវាងស្ត្រីម្នាក់ឈ្មោះ Srey Pov ដែលបានប៉ះពាក្យសម្តីជាមួយ កម្លាំងសមត្ថកិច្ចចរាចរណ៍ ក្រុងព្រះសីហនុ នៅជិតផ្លូវត្រីដូហ្វីន។

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះនៅលេីផេកទំនាក់ទំនងសង្គមផ្លូវការ(Facebook)របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីការបង្ហោះសំណេរជុំវិញករណីផ្ទុះការវែកញែករបស់មហាជនតាមបណ្តាញសង្គមរវាងស្ត្រីម្នាក់ឈ្មោះ Srey Pov ដែលបានប៉ះពាក្យសម្តីជាមួយកម្លាំងសមត្ថកិច្ចចរាចរណ៍ក្រុងព្រះសីហនុ នៅជិតផ្លូវត្រីដូហ្វីនដែលមានខ្លឹងសារទាំងស្រុងដូចខាងក្រោម:
(ខេត្តព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅតាមផ្លូវសាធារណៈ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
សមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ តែងតែណែនាំអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាប្រចាំ ដូចជានៅតាមសាលារៀន តាមទីសាធារណៈនានាជាដើម ។
ដោយឡែកនៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅត្រួតជាតិអាកុល នៅលើផ្លូវ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានពិនិត្យណែនាំ រថយន្ត និងម៉ូតូជាច្រើនគ្រឿង ដោយឡែកក្នុងពេលត្រួតពិនិត្យនោះ បានពិនិត្យរថយន្តមួយគ្រឿងម៉ាក AlPHAND ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា មានជាតិអាកុលក្នុងខ្លួន 0,68 ក្នុងមួយលីត្រខ្យល់ ហេីយត្រូវបានសមត្ថកិច្ចយេីង ឃាត់ឲ្យនៅកន្លែងសិន ពេលស្វាង ទើបសមត្ថកិច្ចសម្របសម្រួលឲ្យទៅផ្ទះវិញ ។
ប៉ុន្តែក្នុងពេលនោះ ស្រាប់តែមានស្ត្រី២នាក់ ថត Video ឡូឡា នៅកន្លែងសមត្ថកិច្ចធ្វើការ ចង់រំដោះជនជាតិចិននោះ ហើយជេរប្រមាថមើលងាយលើកងកម្លាំងសមត្ថកិច្ច និយាយទៅមុខ ទៅក្រោយ ទំនងជាស្រវឹងដូចជនជាតិចិននោះដែរ និងរំខានដល់កិច្ចការរបស់សមត្ថកិច្ច បង្ហោះផ្សាយផ្អើលពេញបណ្តាញសង្គម ព្រមទាំងបានជំរុញឱ្យលុយ ទៅសមត្ថកិច្ចយេីង ប៉ុន្មានក៏បានដែរ តែសមត្ថកិច្ចមិនយកលុយជាដាច់ខាត ។
ករណីដូចបណ្តាញសង្គមមួយឈ្មោះថា “ប្លែកៗចាប់អារម្មណ៍” បានបង្ហោះក្នុងគណនីខ្លួនថា ៖
2លានគ្មានវិក័យបត្របើមិនឱ្យខ្ញុំស្ទូច! ស្ត្រីម្នាក់ឈ្មោះ Srey Pov បានប៉ះពាក្យសម្តីជាមួយ កម្លាំងសមត្ថកិច្ចចរាចរណ៍ ក្រុងព្រះសីហនុ នៅជិតផ្លូវត្រីដូហ្វីន ដោយគាត់បានលើកឡើងថា ជនជាតិចិនបើកបរលើសជាតិអាល់កុល 0,68 មីលីក្រាមក្នុងមួយលីតខ្យល់ ត្រូវផាកពិន័យ ២លានរៀល អោយចេញវិក័យប័ត្របង់លុយអោយក៏មិនព្រម។ សូមបងប្អូន ពិចារណាទាំងអស់គ្នាខាងណាខុសខាងណាត្រូវ.! កើតឡើងពេលយប់អាធ្រាតឈានចូល ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៦ស្ថិតនៅក្រុងព្រះសីហនុ ចុងក្រោយ សមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរជនជាតិចិន ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមច្រានចោលដូចការរៀបរាប់ខាងលើ និងសូមអញ្ជើញម្ចាស់គណនីចូលមកបំភ្លឺនៅស្នងការដ្ឋានបើសិនជាមានករណីបែបនេះកើតឡើង ៕
ផ្សាយ:ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

