ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋាន តំណាងឯកឧត្តម ហឺ វិរៈ ប្រធាននាយកដ្ឋានជម្រុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានទៅជួបសំណេះសំណាលជាមួយអាប៊យ ហៅ “អាចារ្យក្មេង” ដែលរស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

(ខេត្តសៀមរាប)​: នៅល្ងាចថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋាន តំណាងឯកឧត្តម ហឺ វិរៈ ប្រធាននាយកដ្ឋានជម្រុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានទៅជួបសំណេះសំណាលជាមួយអាប៊យ ហៅ “អាចារ្យក្មេង” ដែលរស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្អូនអាចារ្យប៊យ មានអាយុត្រឹមតែ ១៥ឆ្នាំ ប៉ុន្តែបានបង្ហាញទេពកោសល្យ និងសមត្ថភាព ជាអាចារ្យភ្លុកកុយ (ជំនួយការអាចារ្យសព) ដោយមាន ភាពក្លាហាន វិន័យ និងការគោរពប្រពៃណីយ៉ាងគួរឱ្យសរសើរ។

ក្នុងការសន្ទនា ប្អូនបានរៀបរាប់អំពីបទពិសោធន៍ចូលរួម ជួយក្នុងពិធីបុណ្យសព ដោយរៀនសូត្រពីអាចារ្យចាស់ៗ និងអនុវត្តតាមគន្លងប្រពៃណីខ្មែរតាមទំនៀមអ្នកស្រុក សៀមរាប។ ទោះបីវ័យក្មេងក៏ដោយ ប្អូនបានបង្ហាញ ពីការយល់ដឹងអំពីតម្លៃសាសនៈពិធី ការគោរពព្រះធម៌ និងការរួមចំណែកថែរក្សាទំនៀមបុណ្យសពតាមវប្បធម៌ ជាតិខ្មែរ។ ការចូលរួមក្នុងសកម្មភាពបែបនេះ មិន ត្រឹមតែបង្ហាញពីទេពកោសល្យផ្ទាល់ខ្លួនទេ ប៉ុន្តែជាការ បណ្តុះស្មារតីទទួលខុសត្រូវ សុចរិតភាព និងការគោរព ចំពោះអ្នកដទៃផងដែរ។ ការលើកទឹកចិត្តយុវជនដូចជា ប្អូនអាចារ្យបិយ គឺជាការវិនិយោគលើអនាគតវប្បធម៌ នឹងសាសនារបស់ជាតិ។ នៅសម័យដែលការផ្លាស់ប្តូរ សង្គមកើតឡើងយ៉ាងឆាប់រហ័ស ការមានយុវជនដែល យកចិត្តទុកដាក់លើប្រពៃណី និងសាសនា គឺជាកម្លាំង សម្រាប់ការរក្សាអត្តសញ្ញាណជាតិ និងសុខដុមនីយកម្ម សង្គម។

ក្នុងឱកាសនោះឯកឧត្តមក្នុងនាមឯកឧត្តមប្រធានបាន លើកទឹកចិត្តឱ្យប្អូនបន្តការសិក្សាទូទៅឱ្យបានល្អ ពង្រឹង ទាំងចំណេះដឹងសាលា និងចំណេះដឹងប្រពៃណី ដើម្បី ឱ្យមានទាំង “ចំណេះវិជ្ជា និងសីលធម៌” ជាគ្រឹះជីវិត ពិសេសត្រូវឆ្លៀតរកឱកាសមកសិក្សាវគ្គអាចារ្យដែល បណ្តុះបណ្តាលដោយក្រសួងធម្មការនិងសាសនា។ បើ មានការគាំទ្រពីគ្រួសារ និងសហគមន៍ ប្អូនអាចក្លាយជា អាចារ្យដែលមានទាំងជំនាញ និងគុណធម៌ សមស្របជា គំរូសម្រាប់យុវជនដទៃទៀត និងបានជូនពរប្អូនអាចារ្យ ប៊យ ឱ្យមានសុខភាពល្អ ខិតខំសិក្សា និងបន្តអភិវឌ្ឍ ទេពកោសល្យរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្ស ដែលមានតម្លៃសម្រាប់សហគមន៍ និងប្រទេសជាតិ។

 

ផ្សាយ​:ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង